អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អ៊ុក ម៉ាលី អញ្ជើញចូលរួមក្នុងពិធីសម្ពោធសាខាធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ខេត្តកំពង់ចាម


(កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាខាធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ខេត្តកំពង់ចាម ដែលមានទីតាំងនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូធនាគារជាតិនៃកម្ពុជា លោកជំទាវ លោកឧកញ៉ា ភាគទុនិកធនាគារ ក្រុមប្រឹក្សាភិបាល អគ្គនាយកធនាគារ លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក និងនិយោគិនទាំងអស់ ក៏ដូចជាការមកដល់នៃពាណិជ្ជកម្មថ្មីៗ លើទឹកដីខេត្តកំពង់ចាម ដែលបានចូលរួមចំណែកបម្រើតម្រូវការ ក៏ដូចជាបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម ជាមួយគ្នានេះ ខេត្តកំពង់ចាមពិតជាត្រូវការពាណិជ្ជកម្មដែលមានចក្ខុវិស័យវែងឆ្ងាយ មានមូលដ្ឋានរឹងមាំ និងមានលទ្ធភាពផ្តល់ផលិតផល និងសេវាកម្មជាទីគាប់ចិត្តសម្រាប់អតិថិជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។

លោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ចាក់ថា កត្តាសន្តិភាព ដែលចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងបានកសាងជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិដែលបានមកវិនិយោគនៅកម្ពុជា ពិសេសបានធ្វើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានសថេរភាព ជាក់ស្តែងការដាក់ទុនវិនិយោគរបស់ធនាគារជីបម៉ុង បានបង្ហាញពីការជឿទុកចិត្ត ការគាំទ្រ និងការចូលរួមកាត់តែសកម្មជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្នុងស្ថានភាពបច្ចុប្បន្ននៃ ការឆ្លងរីករាលដាលជាសកលនៃជម្ងឹកូវីដ១៩ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមកិច្ច ធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធររូបីយវត្ថុ និងត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់រួមមាន៖

-កំណត់អត្រាការប្រាក់ និងវិធីសាស្រ្តការគណនាអត្រាការប្រាក់
-ការរៀបចំឥណទានឡើងវិញ
-គ្រឹះសា្ថនធានាគារ និងហិរញ្ញវត្ថុ ត្រូវបានអនុគ្រោះការបន្ធូបន្ថយសេវាផ្សេងៗពាក់ព័ន្ធ និងឥណទាន លើកលែងការផាកពិនិន័យផ្សេងៗចំពោះអតិថិជន
-បង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណៈ ដែលធ្វើឲ្យមានលក្ខណៈងាយស្រួលតាមដានការអនុវត្តធនាគារ គ្រឹះស្ថានធនគារ ដែលមានបញ្ហាអ្វីដែលកើតឡើង សាធារណៈជន និងអតិថិជនអាចទំនាក់ទំនង ដើម្បីឲ្យធនាគារជាតិធ្វើការសម្របសម្រួល។

គួរបញ្ចាក់ដែរថា សាខាធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ខេត្តកំពង់ចាម ជាសាខាខេត្តទី២ ដែលធនាគារ ជីប ម៉ុង បានបើកដំណើរការ ខណៈសាខាទាំងអស់ មាន០៩ទីតាំង ទាំង នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត៕