ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ដល់ខេត្តកំពង់ចាម នឹងពង្រីកពី ២គន្លងទៅ ៤គន្លង ក្នុងពេលឆាប់ៗនេះ


ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរង តំណាងឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក និងកម្មករ ជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានជូនអង្គពិធីរួមមាន៖ គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរនិងពន្យារបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ និងបានទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគិនពីបរទេស មកវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ដូចជាអំពាវដល់បងប្អូនប្រជាពលរដ្ឋ កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រោះការដឹកជញ្ជូនលើសទម្ងន់កំណត់ជាកត្តាធ្វើឱ្យផ្លូវខូចមុនអាយុកាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំខិតខំប្រឹងប្រែងផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរីករាយក្នុងការមកទទួលយកសេវាសាធារណៈចាំបាច់ទាំងនោះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ពូកគាត់នូវពាក្យស្លោកពីរឃ្លាថា៖ សូមកុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា និងមួយឃ្លាទៀតថា៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមាន ប្រសិទ្ធភាពនាំជាតិរុងរឿង។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលបានខិតខំបំពេញការកន្លងមក៕