ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំអាណត្តិទី៥ លើកទី១


នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាអាណត្តិទី៥ លើកទី១ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលនិងអង្គភាពពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាភិបាលបានត្រួតពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន៥ ដូចជា៖ ១) លទ្ធផលនៃការសម្រេចបាននៃអនុសាសន៍ផ្តល់ជូនដោយក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាអាណត្តិទី៤ លើកទី៤
២) របាយការណ៍សង្ខេបសកម្មភាពនិងលទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរាឆ្នាំ២០១៩ និងរយៈពេល៣ខែដើមឆ្នាំ២០២០
៣) របាយការណ៍ហិរញ្ញវត្ថុរបស់អាជ្ញាធរជាតិអប្សរា ២០១៧-២០១៩ និងរយៈពេល៣ខែដើមឆ្នាំ២០២០ ៤) ការពិនិត្យអនុម័តលើគម្រោងផែនការថវិកាឆ្នាំ២០២១
៥) ការពិនិត្យអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរជាតិអប្សរា។ បន្ថែមលើសនេះទៀត ក្រុមប្រឹក្សាភិបាលក៏បានណែនាំផែនការចង្អុលទិសដៅសម្រាប់អនុវត្តនៅឆ្នាំក្រោយទៀតដែរ៕