លោក ហុង សុខហួរ សារភាពផែនទីក្លែងក្លាយ


Hong Sokhua 25 01 16 2 copy

     អតីត​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ បាន​សារ​ភាព​ថា​ សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា​និង​វៀតណាម គឺ​ពិត​ជា​សន្ធិសញ្ញា​ក្លែង​ក្លាយ​នោះ​ដែន…​ និង​លោក​ចោទ​ថា គឺ​ជា​ទង្វើ​កាត់​ត​របស់​អ្នក​កាន់ Page​ ។ សម្តី​សារ​ភាព​នេះ ត្រូវ​គេ​ឃើញ​បាន​បង្ហាញ​ថា លោក សម រង្ស៊ី ដែល​រង​ការ​ចោទ​ពី​តុលាការ ​ពី​បទ​ឃុប​ឃិត​ក្នុង​ការ​បង្ហោះ​សន្ធិ​សញ្ញា​ក្លែង​ក្លាយ​ក្នុង Page របស់​ខ្លួន ពិត​ជា​មាន​ការ​ពិត​យ៉ាង​នោះ​មែន ។

     សម្តី​សារ​ភាព​របស់ ​លោក ហុង សុខហួរ បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​ ២០១៦ ខណៈ​ពេល​ដែល​អនុរក្ស​ពន្ធ​នាគារ​ព្រៃ​ស​ បញ្ជូន​រូប​លោក​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​នាម​ជា​សាក្សី ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​ លោក សម រង្ស៊ី ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​ការ​ក្លែង​សន្ធិសញ្ញា​នេះ​ ។

     សូម​ជំរាប​ថា​ សន្ធិ​សញ្ញា​ក្លែង​ក្លាយ​ដែល​បង្ហោះ​ក្នុង Page ​របស់​ លោក សម រង្ស៊ី នេះ បាន​បង្ក​អោយ​មាន​ការ​ជេរ​ប្រមាថ ដល់​អ្នក​ដឹក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​បង្ក​អោយ​មាន​ការ​ជ្រួល​ច្របល់​ និង​ការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង​ក្លា​ពី​ពលរដ្ឋ​ ដោយ​ចោទ​ថា​ រាជរដ្ឋាភិបាល ​សម្តេច​តេជោ ហ៊ុន សែន បាន​កាត់​ដី​អោយ​វៀតណាម និង​គ្មាន​បំណង​ការពារ​អធិបតេយ្យ​ភាព​ជាតិ​កម្ពុជា​ឡើយ​ ។

     ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចម្លើយ​របស់​ លោក ហុង​ សុខហួរ ដែល​បាន​ព្យាយាម​ឆ្លើយ​ទម្លាក់ កំហុស​នោះ​មក​លើ​អ្នក​កាន់ Page របស់ ​លោក សម រង្ស៊ី នោះ​ ត្រូវ​គេ​សង្ស័យ​ថា ជា​ការ​ចង់​ឆ្លើយ​ដោះ​សារ​យក​រួច​ខ្លួន ​និង​ព្យាយាម​ការពារ ​លោក​ សម រង្ស៊ី ផង​ដែរ ដោយ​ការ​ទម្លាក់​ទោស​លើ​មនុស្ស​ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​បាត់​ទៅ​ហើយ អោយ​ទទួល​ខុស​ត្រូវ​ ។

     សូម​ជំរាប​ថា អ្នក​កាន់​ផេក​ហ្វេស​ប៊ុក​របស់​ លោក សម រង្ស៊ី មាន​ឈ្មោះ សត្យា សម្បត្តិ ឬសម្បត្តិ សត្យា និង​ឈ្មោះ អ៊ុង ជុងលាង ត្រូវ​គេ​ឃើញ​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន​ផង​ដែរ​ ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ ព្រោះ​ពួក​គេ​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​អស់​ទៅ​ហើយ​ ។