ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញអោយបុគ្គលិកមន្ត្រីរាជការសុខាភិបាល និងក្រុមគ្រូពេទ្យ លើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានទំនុកចិត្ត ក្នុងការប្រកួតប្រជែងក្នុងទីផ្សារអាស៊ាន ។
ប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានទន្ទឹមនឹងស្ថានការណ៍ដែលវិស័យ សុខាភិបាលកម្ពុជា កំពុងរងការចោទពីមនុស្សមួយចំនួន ដែលនិយាយអំពីកត្តារើសអើងអ្នកមាន អ្នកក្រ និងកត្តាសីលធម៌គ្រូពេទ្យ និងវិជ្ជាជីវៈផងដែរ ។ ប្រសាសន៍ជម្រុញការលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យបានធ្វើឡើងនៅរសៀលថ្ងៃទី២២ មករានេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការក្រសួងសុខាភិបាល ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ក្រសួងសុខាភិបាលបានសម្រេច ជោគជ័យជាច្រើនមកហើយ ដូចជាការកាត់បន្ថយ អត្រាមរណភាពមាតា និងទារក កុមារ ការប្រយុទ្ធប្រឆាំងនឹងជំងឺ គ្រុនចាញ់ ជំងឺអេដស៍ របេង នោះជាដើម ។ ប៉ុន្តែដើម្បីទាញការចាប់អារម្មណ៍ ជំរុញវិស័យសុខាភិបាលកម្ពុជាកាន់តែមានការរីកចម្រើន ក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ច អាស៊ាន ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបុគ្គលិកមន្ត្រីរាជការសុខាភិបាល និងក្រុមគ្រូពេទ្យ ត្រូវលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ… ប្រកាន់ខ្ជាប់ការអត់ធ្មត់ ជាពិសេសមិនត្រូវរើសអើងអ្នកមាន អ្នកក្រ ឬនិន្នាការអ្វីណាមួយឡើយក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាជន ។
ឯកឧត្តម យឹម ឆៃលី បានដាស់តឿនគ្រូពេទ្យ ត្រូវខិតខំបង្កើនឡើងវិញនូវទំនុកចិត្តរបស់ប្រជាជនមកលើសេវាសុខាភិបាល ក្នុងនោះត្រូវលុបបំបាត់ភាពអសកម្មនានា ដូចជាគ្រូពេទ្យចិញ្ចឹមជំងឺ ដើម្បីទទួលបានប្រាក់កម្រៃព្យាបាលអោយបានច្រើន… ការទុកអ្នកជំងឺចោលមិនអើពើប្រសិនបើគ្មានប្រាក់… ការគិតលុយជាធំពេកក្នុងការព្យាបាលជំងឺជាដើម ។