អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលា ៣ថ្ងៃ ស្តីពីប្រព័ន្ធពន្ធដារកម្ពុជា និងបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញការវិនិយោគរបស់សហគ្រិនធុនតូច និងមធ្យមពីប្រទេសថៃ ។ ការរៀបចំសិក្ខាសាលាទាក់ទាញក្រុមវិនិយោគថៃនេះ គឺជាលើកដំបូងរបស់កម្ពុជា ដែលទើបបានធ្វើសមាហរណកម្មទីផ្សារសេដ្ឋកិច្ចអាស៊ាន ។ សិក្ខាសាលារយៈពេល ៣ថ្ងៃ បានបញ្ចប់កាលពីម្សិលមិញនៅប្រទេសថៃ ដែលមានការចូលរួមពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ឯកឧត្តម គង់ វិបុល ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត ។
ឯកឧត្តម គង់ វិបុល បានធ្វើបទបង្ហាញ ដោយផ្តោតជាសំខាន់លើប្រព័ន្ធពន្ធដារកម្ពុជា ជាពិសេសកំណែទម្រង់ពន្ធដារ ទាំងផ្នែកគោលនយោបាយ និងការកែលម្អ ធ្វើទំនើបកម្មលើវិស័យរដ្ឋបាលសារពើពន្ធ ដោយធ្វើការបកស្រាយអំពីវឌ្ឍភាពថ្មីៗ, រៀបចំធ្វើ វិសោធនកម្មច្បាប់ស្តីពីសារពើពន្ធ…ច្បាប់វិនិយោគ និងច្បាប់នានាផ្សេងទៀតដែលពាក់ព័ន្ធ។
នៅក្នុងសិក្ខាសាលានោះ ក៏បានអនុញ្ញាតឲ្យវិនិយោគិននៃប្រទេសថៃ ធ្វើការចែករំលែកបទពិសោធន៍ និងសំណូមពរ ព្រមទាំងបើកទូលាយចំពោះសំនួរផ្សេងៗ ពាក់ព័ន្ធទៅនឹងពន្ធដារក្នុងន័យជួយសម្រួល ដល់ការវិនិយោគនៅកម្ពុជាផងដែរ ។