កិច្ចប្រជុំស្តីពីគម្រោងកែលម្អការអប់រំទូទៅ


រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំតាមរយៈវីដេអូ Conference ស្ដីពីគម្រោងកែលម្អការអប់រំទូទៅ ដោយពិភាក្សាផ្តោតសំខាន់លើចំណុចមួយចំនួនដូចជា គោលគំនិត និងវិសាលភាពចម្បងនៃគម្រោងអប់រំថ្មី ការឯកភាពលើចំណុចសំខាន់ៗនៃការអនុវត្តគម្រោងរួមមានសកម្មភាពអាទិភាព សមិទ្ធផលដែលសម្រេចបាន ការអនុវត្ត និងការវាយតម្លៃហានិភ័យនានា ការព្រមព្រៀងលើជំហានដែលត្រូវអនុវត្ត ដើម្បីអាចឱ្យក្រុមការងារធនាគារពិភពលោក ដឹកនាំការប្រជុំពិនិត្យលើទស្សនៈទាននៃគម្រោង ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែសីហាឆ្នាំ ២០២០ខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងតំណាងដៃគូអភិវឌ្ឍ។ ក្នុងឱកាសនោះ ឯកឧត្ដមបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានទទួលស្គាល់ថា ការអប់រំជាអាទិភាពមូលដ្ឋាននៅក្នុងផែនការអភិវឌ្ឍរយៈពេលមធ្យម និងរុយៈវែងរបស់ខ្លួន ក្រសួងកំពុងចាត់វិធានការសំខាន់ៗ ដើម្បីអនុវត្តយុទ្ធសាស្ត្រ ឆ្លើយតបវិបត្តិជំងឺកូវីត ១៩។

ឯកឧត្ដមបានបន្តលើកឡើងថា ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច និងមាតិកាឌីជីថល ដើរតួយ៉ាងសំខាន់ក្នុងស្ថានភាពបច្ចុប្បន្ន ខណៈដែលសមិទ្ធិផលទាំងនោះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ និងត្រូវបានគេទទួលស្គាល់ថា បានចូលរួមក្នុងការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ ថ្លែងក្នុងនាមជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានសម្តែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍ ដែលបាន និងកំពុងចូលរួមជួយដល់គម្រោងកែលម្អការអប់រំទូទៅនេះ៕

១៥ មិថុនា ២០២០ | ទីស្តីការក្រសួងអប់រំ