ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល ជាមួយ អាជ្ញាធរសង្កាត់ ភូមិ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីបានស្តាប់របាយការណ៍ របស់អាជ្ញាធរសង្កាត់ ភូមិ រួចមកសម្តេច បានអបអរសាទរ ចំពោះរាល់លទ្ធផលការងារ ដែលបងប្អូនបានខិតខំសម្រេចបានកន្លងមក។ សម្តេច បានលើកទឹកចិត្តដល់អាជ្ញាធរសង្កាត់ ភូមិ សូមបន្តខិតខំសម្របសម្រួលដោះស្រាយ រាល់សំណូមពរ និងបញ្ហាទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានអោយកាន់តែល្អនិងឆាប់រហ័ស ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយកាត់បន្ថយទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង និងរួមសាមគ្គីគ្នាកាន់តែជិតស្និទ្ធ រក្សាសុខសន្តិភាព វឌ្ឍនភាព របស់មូលដ្ឋានសង្កាត់យើង របស់សង្គមជាតិ ប្រទេសជាតិយើង អោយកាន់តែរីកចម្រើន និងកាន់តែមានស្ថេរភាពយូរអង្វែងតទៅ។ ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានជម្រាបជូនក្រសួងជំនាញអោយចុះមកពិនិត្យ បំភ្លឺ និងដោះស្រាយបញ្ហា មួយចំនួន ដែលមូលដ្ឋានសង្កាត់ និងភូមិកំពុងជួបប្រទះ និងបានដោះស្រាយឧបត្ថម្ភ ម៉ាស៊ីនហ្វូតូកូពីខ្នាតមធ្យម ០១គ្រឿង សម្រាប់បម្រើការងារ នៅសាលាសង្កាត់ផងដែរ។