ប្រជាពលរដ្ឋនៅក្នុងរមណីយ ដ្ឋានអង្គរស្វែងយល់ពីអាជ្ញាធរជាតិអប្សរាតាមរយៈ «វេទិកាសាធារណៈ»


ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងវេទិកា សាធារណៈនៅវត្តអង្គម៉ោលសិរីវង្ស ស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

កម្មវិធីនេះ ដឹកនាំដោយឯកឧត្តម ឡេង សេង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរធំ ខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការស្តីទីគណៈរដ្ឋមន្ត្រី ដែលមានស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន និងប្រជាជនចូលរួមប្រមាណ១៥០ នាក់។ គោលបំណងការរៀបចំវេទិកាសាធារណៈនេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមប្រធានបទ៖ ១. ការងារពាក់ព័ន្ធអាជ្ញាធរជាតិអប្សរា ២. បញ្ហាអគ្គីសនី(ភ្លើងលើសគីឡូលើសប្រក្រតី) ៣. វិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។

ជាក់ស្តែង នៅក្នុងកម្មវីធីនេះ បានផ្តល់ឱកាសឱ្យប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោកលើកនូវបញ្ហានានា និងចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា ពិសេសទាក់ទងនឹងការជួសជុល ការសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។

ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ លោកឡុង កុសល ក៏បានពន្យល់អំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរានិងលក្ខខណ្ឌរបស់អង្គការយូណេស្កូក្នុងការប្រើប្រាស់ដីធ្លី និងនីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះនៅក្នុងរមណីយដ្ឋានអង្គរ។

បន្ថែមពីនេះ រាល់ការស្នើសុំជួសជុលឬសាងសង់ផ្សេងៗ សូមឱ្យប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោក។ លើសពីនេះ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានខិតខំជាមួយគ្នា អប់រំ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួម និងជួយនាំនូវផលលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋមកដល់អាជ្ញាធរជាតិអប្សរា ដើម្បីធ្វើយ៉ាងណាដោះស្រាយការងារឱ្យកាន់តែមានប្រសិទ្ធិភាព៕