ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវវស្សា


នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ​​​​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវវស្សា និងសកម្មភាពការងារមួយចំនួនក្នុងខេត្តត្បូងឃ្មុំ។

១-មកដល់ថ្ងៃនេះផងដែរ ស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលនៅទូទាំងខេត្តត្បូងឃ្មុំពុំទាន់មានការប្រឈមខ្វះទឹកនៅឡើយទេ។
-លោក យា វឿន ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តត្បូងឃ្មុំ បានជម្រាបឲ្យដឹងថាការងារបង្កបង្កើនផល គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ អនុវត្តបានចំនួន ៤១.៣៤០ហិកតា ស្មើ ៥៣,៤២% នៃផ្ទៃដីសរុបតាមផែនការ ចំនួន ៧៧.៣៨០ហិកតា។
-ស្ថានភាពបរិមាណទឹកភ្លៀងគិតត្រឹមថ្ងៃនេះមានចំនួន
៣២៥មីលីម៉ែត្រ ហើយបើប្រៀបធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះតិចជាងឆ្នាំមុនចំនួន ៧២មីលីម៉ែត្រ។

២-ឯកឧត្តម និងក្រុមការងារបានចុះពិនិត្យសកម្មភាពទប់ការពារច្រាំងទន្លេដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ហើយក្នុងនោះក្រុមមន្ត្រីបច្ចេកទេសរបស់ក្រសួងសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បាននិងកំពុងទប់ការពារច្រាំងទន្លេមេគង្គបង្ការជាមុននូវជំនន់ទន្លេមេគង្គ ឆ្នាំ២០២០នាពេលខាងមុខ។ ជំហានទី១ មាននៅទីតាំងភូមិរការធំ(វត្តរការធំ)គិតមកដល់ពេលនេះអនុវត្តបានប្រមាណ ៧០% ហើយ និងទីតាំងទី២ទប់ការពារបន្ថែមនៅភូមិកំពង់ឬស្សីសម្រេចបានជាង ៥០% និងគ្រោងបន្តទៅទប់ការពារច្រាំងទន្លេនៅស្រុកក្រូចឆ្មារជាបន្ថែមទៀត។

៣-បន្តចុះពិនិត្យការដ្ឋានជួសជុលនិងសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន៣កន្លែងរួមមាន:
-ជួសជុលទំនប់ព្រែកតាអុិតប្រវែង ៩០ម៉ែត្រ និងការងារសាងសង់សំណង់បង្ហៀរថ្មី ០១កន្លែងមានទីតាំងស្ថិតនៅឃុំបឹងព្រួលស្រុកត្បូងឃ្មុំ ដែលសម្រេចលទ្ធផលការងារបានចំនួន ៦០%។
-ការងារជួសជុលទំនប់ ០១កន្លែង ប្រវែង៤.៥៨០ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ អាចមានលទ្ធភាពស្រោចស្រពស្រូវប្រាំង និងដំណាំរួមផ្សំប្រមាណជា ៣៤០ហិកតា។ មកដល់ពេលនេះសម្រេចបានការងារបានចំនួន ៧៥%។
-ចុះត្រួតពិនិត្យការងារសាងសង់សំណង់ទ្វារទឹក និងស្ពានបេតុងឆ្លងកាត់ចំនួន ០២កន្លែង មានទីតាំងនៅភូមិរការខ្នុរ ស្រុកក្រូចឆ្មារ និងអនុវត្តការងារបានប្រមាណជា ៨០%ហើយ៕