មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មទទួលគណៈប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន


នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលគណៈប្រតិភូចំនួន ១៤រូបមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តំណាងឲ្យក្រុមហ៊ុនជាង ៥០០ របស់អាមេរិចទូទាំងសកលលោក ដើម្បីពិភាក្សាអំពីកិច្ចសហការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរការគួរសម និងបានបន្តពិភាក្សាអំពីផែនការនៃកិច្ចសហការ។ តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានជម្រាបជូនអង្គប្រជុំថាពួកគេមានបំណងជួយកសាងកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងកម្ពុជា និងអាមេរិក និងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃឡង់ដ៏។
ជាការឆ្លើយតប ឯកឧត្តម ឱក ប៊ុង បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ ឯកឧត្តម បានគូសបញ្ជាក់អំពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា និងកំណែទម្រង់រដ្ឋបាលស៊ីជម្រៅ ដែលអនុវត្តន៍ដោយក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីអាមេរិកអំពីសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម លើផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្ម, កិច្ចសម្រួលពាណិជ្ជកម្ម និងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដែលមានគោលបំណងលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងប្រតិភូតំណាងក្រុមហ៊ុន Elanco, Ford, Microsoft, MasterCard, Coca-Cola និង Visa បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម។ ពួកគេបានចោទជាសំនួរមួយចំនួនទាក់ទងទៅនឹងការគ្រប់គ្រងតម្លៃប្រេង ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច ការគ្រប់គ្រងស្តង់ដារទំនិញនិងផលិតផលក្លែងក្លាយ និងការនាំចូលផលិតផលកូកាកូឡាពីប្រទេសថៃ ហើយបញ្ហាទាំងអស់នេះ ត្រូវបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយពីក្រសួង។