អគ្គនាយករងកិច្ចការបច្ចេកទេសដឹកនាំក្រុមការងារ ចុះពិនិត្យវាយតម្លៃ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ តំបន់ខ្ពង់រាប


បន្ទាប់ពីបានទទួលបទបញ្ជាពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារ ចុះពិនិត្យវាយតម្លៃ ដើម្បីឈានទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្របន្ថែម នៅតំបន់ខ្ពង់រាប ។ តាមរយៈការចុះពិនិត្យនេះ ក្រុមការងារសម្រេចជ្រើសយកទីតាំងប្រព័ន្ធធារាសាស្ត្រធំៗ ចំនួន ០៣ កន្លែង ដើម្បីចាប់ផ្តើមធ្វើការសិក្សា និងឈានទៅអនុវត្តការងារជាអាទិភាព ។ ប្រព័ន្ធធារាសាស្ត្រទាំង ៣ នោះ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់ស្រុក ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ។
២. ប្រព័ន្ធធារាសាស្ត្រ កំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ។ ការរៀបចំប្រព័ន្ធនេះ មានគោលដៅ ដើម្បីផ្តល់ទឹកសម្រាប់ស្រោចស្រពមួយផ្នែកនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ និងមួយផ្នែកទៀត ស្ថិតនៅក្នុងខេត្តស្ទឺងត្រែង ។
៣. ប្រព័ន្ធធារាសាស្ត្រ អាងទន្លេល្ពៅ ដោយរៀបចំប្រឡាយមេប្រវែងប្រមាណ ៩៨ គម ចាប់ពីចំណុចទន្លេមេគង្គ ត្រង់ព្រំប្រទល់កម្ពុជា-ឡាវ ហើយលាតសន្ធឹងកាត់ខេត្តស្ទឹងត្រែង ព្រះវិហារ ទៅដល់ចំណុចមុំបី ព្រំប្រទល់កម្ពុជា-ថៃ-ឡាវ ដើម្បីផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីមួយចំនួននៅក្នុងខេត្តស្ទឺងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប ៕