កម្ពុជាចូលកាន់តំណែងផ្លូវការជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច


ទីក្រុងហ្សឺណែវ – នៅទីបំផុត ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រធានផ្លូវការនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលមានសមាជិកចំនួន ៣៦ និងប្រទេសសង្កេតការណ៍ចំនួន ៨ សម្រាប់អណត្តិដែលមានរយៈពេល ១ឆ្នាំ គិតចាប់ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៨។ ពិធីផ្ទេរតំណែងផ្លូវការ បានធ្វើឡើងនៅអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជា បានទទួលញញួរឈើ ពីឯកឧត្តម ឡាហ្សារ៍ ម៉ូរី ស៊ូអៀតូ (Lazare Maurice Sethoueto) រដ្ឋមន្រ្តីឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មប្រទេសបេនីន ជានិមិត្តរូបនៃការចូលកាន់តំណែងប្រធានផ្លូវការ ក្រោមការចូលរួមជាសាក្សីតំណាងក្រុម LDCs ចំនួន ៣៣ប្រទេស។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកយកនូវសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ដូចជាការរក្សាបានកំណើនសេដ្ឋកិច្ចយ៉ាងតិច ៧% ជាងពីរទសវត្ស និងការកាត់បន្ថយភាពក្រក្រីមកនៅត្រឹម ១៣.៥% នៅក្នុងឆ្នាំ២០១៦ ដែលជាបច្ច័យធ្វើឲ្យកម្ពុជា សម្រេចបាននូវគោលដៅសហសវត្ស។ ឯកឧត្តម រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការចែករំលែកបទពិសោធន៍របស់កម្ពុជា ជាមួយប្រទេស LDCs ដូចជាទីម័រខាងកើត និងអេត្យូពីរ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៅ WTO ដែលតម្រូវឲ្យមានការចូលរួមសហការពីបណ្តាប្រទេស LDCs ជាសមាជិក។
“យើងត្រូវតែធ្វើការទាក់ទងយ៉ាងសកម្ម និងត្រូវខិតខំប្រឹងប្រែងទ្វេដង ដូច្នេះអត្ថប្រយោជន៍របស់យើង ត្រូវបានដាក់ចេញ” “ដើម្បីសម្រេចគោលដៅអទិភាពរបស់យើង ប្រទេស LDCs ទាំងអស់ ត្រូវតែរួបរួមគ្នា និងបង្កើតជាសម្លេងតែមួយ” ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឡាហ្សារ៍ ម៉ូរី ស៊ូអៀតូ ដែលជាអតីតប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឆ្នាំ២០១៦ បានបង្ហាញថា កិច្ចការដែលកម្ពុជា ត្រូវធ្វើបន្តពីប្រទសបេនីនមានដូចជា៖ ១) ដាក់ជូនផែនការអទិភាពរបស់ LDCs ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅប្រទេសណៃរ៉ូប៊ី ទៅក្នុងសន្និសីទរដ្ឋមន្រ្តី WTO ដែលនឹងធ្វើឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន, ២) បញ្ចូលសំណើប្រទេស LDCs ស្តីពីគោលការណ៍ឧបត្ថម្ភធនលើវិស័យជលផល និងការមិនកំណត់ចំនួននាំចូល-មិនយកពន្ធនាំចូល, ៣) ដឹកនាំចរចាបែបទន់ភ្លន់សម្រាប់វិស័យពាណិជ្ជកម្ម និងសេវាកម្ម, និង ៤) ពិភាក្សាលើការអនុគ្រោះវិធានប្រភពដើមទំនិញ និងពាណិជ្ជកម្មអឡិចត្រូនិច។ល។