សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋឱ្យការពារខ្លួន កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ ឱ្យសោះ


(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនឱ្យបានល្អ ហើយមិនត្រូវធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ១៩នោះទេ។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ឱ្យសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីឱ្យពលរដ្ឋ និងអតិថិជនប្រើប្រាស់កុំឱ្យឆ្លងរោគ»។

«យើងដឹងហើយថា ជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហេីយក្នុងពេលនេះ គឺបានធ្វើឱ្យពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ»។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

សម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។

ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ នៅកម្ពុជានេះ នៅថ្ងៃពុធ ទី២៤ មិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩»

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់) ក្នុងនោះមានអ្នកសរុបចំនួន១២៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៣នាក់។

ដោយឡែកនៅលើពិភពលោកវិញ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ បានចម្លងទៅមនុស្សសរុបចំនួន ៩,២១៤,៥៨៥នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៤៧៤,៩៥៤នាក់ បានស្លាប់ និង ៤,៩៦១,១៣៩ នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងជំងឺនេះចាប់ពី ១០០ករណី គឺមាន ១៧៨ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៤៕