រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកិច្ចជំនួបជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាស្ដីពីការប្រមូលផ្តុំធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនៅបែកខ្ញែកគ្នា តាមស្ថាប័ន ក្រសួង មន្ទីរ វិស័យឯកជនក៏ដូចជានៅក្នុងអង្គការក្រៅរាជរដ្ឋាភិបាល រួមទាំងការផ្តោតទៅលើសិស្សលេចធ្លោដែលកំពុងសិក្សាក្នុងសាលារៀន និងបញ្ញវន្តដែលបញ្ចប់ការសិក្សា ដែលជាគោលដៅដ៏សំខាន់ដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធសហការគ្នា ដើម្បីធ្វើជាបញ្ជីសារពើភណ្ឌប្រមូលផ្តុំទុកជាខួរក្បាលរបស់ជាតិ។
កិច្ចជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ឆ្លងកាត់ការពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមក សាមីក្រសួងទាំងពីរបានបង្ហាញនូវសារៈសំខាន់នៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ហើយត្រូវយកចិត្តទុកដាក់ការធ្វើបញ្ជីសារពើភ័ណ្ឌមួយ ទុកជាធនធានខួរក្បាលរបស់ជាតិ ដែលបច្ចុប្បន្នធនធានទាំងនេះ នៅបែកខ្ញែកគ្នា ហើយមានមួយចំនួនកំពុងបំពេញការងារខុសជំនាញ ។ មួយវិញទៀតការងារសំខាន់បំផុត គឺការសម្រួចខួរក្បាលធនធានទាំងនេះ តាមរយៈការរៀនសូត្រផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ។
ដូច្នេះជាយន្តការ ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នា ធ្វើសមាហរណកម្មធនធានទាំងនោះ តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយសាកលវិទ្យាល័យជំនាញ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលជាដើម ដើម្បីឲ្យប្រាកដថាធនធានមួយណាមានតម្រូវការជាក់ស្តែង និងក៏ជាមូលដ្ឋានបែងចែកធនធានឲ្យត្រូវមុខសញ្ញាការងារ ។
ក្នុងនោះ រដ្ឋ ត្រូវសហការរៀបចំវេទិកា រឺសិក្ខាសាលានានា ដើម្បីធ្វើជាព្រឹត្តិការណ៌ជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ រឺការផ្ទេរចំណេះដឹងថ្មីៗ រវាងអ្នកបានប្រឡូកក្នុងការងារជាក់ស្តែងតាមចំណេះដឹងដែលខ្លួនមាន និងអ្នកដែលទើបបញ្ចប់ការសិក្សាជំនាញពីសាលា ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលត្រូវមានធនធានសមស្រប ដោយសហការជាមួយដៃគូអភិវឌ្ឍន៌ និងប្រទេសផ្តល់ជំនួយ សម្រាប់ការងារស្រាវជ្រាវ និងការអភិវឌ្ឍ អភិវឌ្ឍធនធានគ្រូបង្រៀន គ្រូឧទ្ទេសនាម ជំនាញការ និងធនធានឧបករណ៌សម្ភារៈ ដូចជាមន្ទីរពិសោធន៌ជាដើម៕
២៩ មិថុនា ២០២០ | ទីស្ដីការក្រសួងអប់រំ