ក្រុមជំនាញបច្ចេកទេសក្រសួងកំពុងសិក្សាលម្អិតលើការដាក់លេខបង្គោលគីឡូម៉ែត្រនៃបណ្តាញផ្លូវជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ


ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនទីភូមិសាស្ត្រ និងការបោះបង្គោលលេខគីឡូម៉ែត្រដែល មានស្រាប់ ដោយមានការចូលរួមពីមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងរួមមាន៖ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានផែនការ និងនាយកដ្ឋានផ្លូវថ្នល់ ដើម្បីប្រមូលធាតុចូល និងទិន្នន័យ សំដៅសម្រួលដល់ការគ្រប់គ្រងផ្លូវថ្នល់បានកាន់តែល្អប្រសើរ។
ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារសំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ខ្វាត់ ខ្វែងនៅទូទាំងប្រទេសសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវគំនូសសញ្ញាបង្គោលគីឡូម៉ែត្រនៃបណ្តាញផ្លូវជាតិសំខាន់ៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ដើម្បីសម្រួល ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រឱ្យនៅកម្រិតទាប។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកឱ្យអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ លើដងផ្លូវសាធារណៈមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសញ្ញាចរាចរណ៍ បញ្ជាយានយន្តរបស់ខ្លួនទៅតាម ល្បឿនដែលច្បាប់បានកំណត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមជំនាញបច្ចេកទេសក្រសួងធ្វើការសិក្សាលម្អិតទាក់ទងនឹងការដាក់លេខបង្គោលគីឡូម៉ែត្រទៅតាមស្តង់ដារតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយភាពច្បាស់លាស់ និងភាពជាក់ស្តែង ដើម្បីអាចដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២០នេះ៕