ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវកែប្រែចំនួន១៧មាត្រា


(ភ្នំពេញ)៖ យ៉ាងហោចណាស់មាន ១៧មាត្រា ក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវធ្វើវិសោធនកម្មនៅពេលខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសរួម ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ លើសំណើសុំវិសោធនកម្មច្បាប់នេះ។

សេចក្តីប្រកាសរួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មាត្រាទាំង១៧ ដែលត្រូវបានកែប្រែរួមមាន មាត្រា៣ មាត្រា៤ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា២០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា២៧ មាត្រា៣០ មាត្រា៣១ មាត្រា៣២ និងមាត្រា៣៥។

ការកែប្រែមាត្រាទាំងនេះ បានធ្វើឡើងបន្ទាប់ពីកន្លងមក តំណាងអង្គការសង្គមស៉ីវិលប្រមាណ ៥០០ បានស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើការពិនិត្យ និងពិចារណាលើសំណើសុំធ្វើការវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។

លើមូលដ្ឋានេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៉ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៉ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើកសំណើ ធ្វើវិសោធនកម្មច្បាប់នេះ ដោយបានចាប់ផ្តើមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ គឺជាការប្រជុំលើកទី៦ និងជាលើកចុងក្រោយ ដែលឈានដល់ការកែប្រែមាត្រាទាំង១៧៕