ឯកឧត្តម នុត ពុធដារ៉ា ប្រាប់ពលរដ្ឋកុំធ្វេសប្រហែសជាមួយជំងឺ COVID-19


(កណ្ដាល)៖ អភិបាលរងខេត្តកណ្ដាលឯកឧត្តម នុត ពុធដារ៉ា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រើនរំលឹកប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃគ្រប់អង្គ មិនត្រូវធ្វេសប្រហែសជាមួយការឆ្លងរីករាលដាល នៃជំងឺ COVID-19 នោះឡើយ ខណៈពិភពលោកទាំងមូល មិនរកឃើញថ្នាំព្យាបាលជំងឺរាតត្បាតមួយនេះបាននោះទេ។

សារក្រើនរំលឹករបស់ឯកឧត្តម នុត ពុធដារ៉ា ធ្វើឡើងក្នុងឱកាសអញ្ជើញរួមជាមួយលោក លោកស្រីប្រធានមន្ទីរ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការឃុំ ស្រុកបាននាំយកទេយ្យវត្ថុ និងទៀនវស្សា ទៅប្រគេនព្រះសង្ឃតាមបណ្តាវត្តទាំង៤០វត្ត ក្នុងស្រុកខ្សាច់កណ្តាល ដែលកំពុងចូលព្រះវស្សា រយៈពេល០៣ខែ។

ពិធីនេះបានប្រព្រឹត្តធ្វើនៅវត្តស្វាជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងឱកាសនោះ ក៏មានកាអញ្ជើញចូលរួមពី ព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធម៌គណខេត្ត និងជាអនុគណស្រុកខ្សាច់កណ្តាល ព្រះចៅអធិការវត្តស្វាយជ្រុំផងដែរ។

ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងអំពីការផ្សាភ្ជាប់គ្នាដែលមិនអាចកាត់ផ្តាច់បានរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ តួយ៉ាងនៅក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ជាពិធីបុណ្យចូលព្រះវស្សា ដែលព្រះសង្ឃពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបាត្របានដូចធម្មតាឡើយ ដូច្នេះពុទ្ធបរិស័ទ្ធមានកាតព្វកិច្ច ទំនុកបម្រុងចង្ហាន់ និងសម្ភារយកមកប្រគេនព្រះសង្ឃ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

ជាក់ស្តែងនៅថ្ងៃនេះ រដ្ឋបាលខេត្តកណ្តាល បាននាំយកទេយ្យទាន និងទៀនព្រះវស្សា មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមបណ្តាវត្តទាំង៤០ ក្នុងស្រុកខ្សាច់កណ្តាល។ លោកអភិបាលរងខេត្តក៏បានលើកឡើងអំពីសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំយកសន្តិភាពជូនជាតិ និងប្រជាជន បើគ្មានសន្តិភាពទេនោះ យើងក៏ពុំអាចមានការអភិវឌ្ឍរីកចម្រើន និងជួបជុំគ្នានាំយកទេយ្យវត្ថុ មកប្រគេនព្រះសង្ឃបានដែរ។

ព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធម៌គណខេត្ត និងជាអនុគណស្រុកខ្សាច់កណ្តាល បានមានសង្ឃដីកាថា នេះជាគម្រូដ៏ល្អមួយសម្រាប់ពុទ្ធបរិស័ទ ក្នុងការប្រគេននូវទេយ្យវត្ថុ នានាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ហើយលើកនេះជាលើកទី១ ដែលបានថ្នាក់ខេត្តនាំយកទេយ្យវត្ថុ មកប្រគេនព្រះសង្ឃទាំងអស់ ក្នុងស្រុកខ្សាច់កណ្តាល ហើយធ្វើពិធីធំបែបនេះដោយកន្លងមកថ្នាក់ដឹកនាំ តែងមកជាលក្ខណៈគ្រួសារ និងប្រគេនដាច់ដោយឡែកតាមវត្តនីមួយៗ៕