ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរពាក់ព័ន្ធ ចុះទស្សនកិច្ចរមណីយដ្ឋានតេទឹកពុះ ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបានជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ឃុំ សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានប្រមាណ ៨០នាក់។
ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ អោយក្លាយជាតំបន់ទាក់ទាញដ៏ពិសេសសម្រាប់ប្រទេសជាតិ និងសម្រាប់ខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំអោយ នាយកដ្ឋានជំនាញក្រសួង មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត សហការគ្នារៀបចំបង្កើតតំបន់តេទឹកពុះនេះ អោយទៅជាសហគមន៍ទេសចរណ៍។ ជាដំបូង ត្រូវរៀបចំបែបបទស្នើសុំទៅក្រសួងបរិស្ថានដើម្បីបង្កើតជាសហគមន៍ការពារធម្មជាតិ បន្ទាប់មកត្រូវរៀបចំបង្កើតជាគណៈកម្មការគ្រប់គ្រងសហគមន៍ និងបញ្ចូលនូវសកម្មភាព និងសេវាកម្មទេសចរណ៍នៅតំបន់នេះ។ ការរៀបចំបង្កើតសហគមន៍ទេសចរណ៍នេះ ត្រូវអនុវត្តតាមរូបមន្ត 4Ps: Public (រដ្ឋ) Private (ឯកជន) Partnership (ដៃគូអភិវឌ្ឍន៍) និង People (ប្រជាជន)។
ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា តំបន់តេទឹកពុះនេះជាតំបន់ទាក់ទាញទេសចរណ៍ដ៏កម្រ និងពិសេសដែលអាចទាក់ទាញទេសចរជាតិ អន្តរជាតិ និងទេសចរពីប្រទេសជិតខាងមកទស្សនាតំបន់នេះ។ តាមការចុះពិនិត្យ និងសិក្សារបស់ក្រុមជំនាញផ្នែកទឹកពុះ (Hot Spring) របស់ប្រទេសជប៉ុន កាលពីឆ្នាំ២០០៧ បានអោយដឹងថា ទឹកក្តៅតេទឹកពុះនេះមានគុណភាពល្អសម្រាប់ព្យាបាលជំងឺផ្សេងៗ និងអាចកែឆ្នៃប្រើប្រាស់សម្រាប់ថែរក្សាស្បែក និងសម្ភស្សស្ត្រីបានជាច្រើនមុខ។
បញ្ហាប្រឈមនៅតំបន់នេះ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់ពីសាលាស្រុកឱរ៉ាល់មកកាន់តំបន់នេះដែលមានស្ថានភាពលំបាកក្នុងការធ្វើរដំណើរ។
ប្រជាពលរដ្ឋបានសំដែងនូវសេចក្តីរីករាយចំពោះគម្រោងបង្កើតជាសហគមន៍ទេសចរណ៍នៅតំបន់នេះ ហើយត្រៀមសហការ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួង អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តគម្រោងនេះអោយទទួលបានជោគជ័យ។
ឯកឧត្តម ថោង ខុន ដឹកនាំប្រតិភូក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរពាក់ព័ន្ធ ចុះទស្សនកិច្ចរមណីយដ្ឋានតេទឹកពុះ
