លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីលើកកំពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឲ្យកាន់តែមានប្រសិទ្ធិភាព


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសន្និបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ អនុវត្តបន្ត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ឧបនាយករដ្ឋមន្រ្តីបានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយបានផ្តល់អនុសាសន៍៤ចំណុច ដល់អង្គសន្និបាតយកទៅអនុវត្តន៍បន្ត ក្នុងការលើកកំពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឲ្យកាន់តែមានប្រសិទ្ធភាព និងបន្តគាំទ្រគ្រប់ពេលវេលា នូវរាល់សកម្មភាពរបស់គណៈកម្មធិការជាតិ គ.ជ.ស.ស.ខ ក្រុមការងារជំនាញ គណៈកម្មធិការចម្រុះរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យបំពេញបេសកកម្មរបស់ខ្លួន ទទួលបានជោគជ័យថែមទៀត ។

ជាមួយគ្នានេះ លោកជំទាវឧបនាយរដ្ឋមន្រ្តី ក៏បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឲ្យ គ.ជ.ស.ស.ខ យកចិត្តទុកដាក់ និងប្រេងប្រែងបន្ថែមទៀត ក្នុងការដោះស្រាយ ការរើសអើងចំពោះស្ត្រី មិនផ្តល់តម្លៃដល់ ស្ត្រីដែលនៅតែកើត មាន។ម្យ៉ាងទៀត ស្ត្រីដែលជាមាតា ត្រូវចូលរួមអប់រំផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ដែលស្ត្រីជាមាតា មានពេលគ្រប់គ្រាន់ ក្នុងការប្រៀនប្រដៅកូនចៅ ឲ្យយល់ពីគ្រោះថ្នាក់នេះ ។

លោកជំទាវក៏បានបន្តទៀតថា អង្គសន្និបាតបានលើកទិសដៅការងារអនុវត្តបន្ត ដល់គណៈកម្មាធិការជាតិលើក កម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ថ្នាក់រាជធានី ខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមាន សមត្ថកិច្ច បន្តអនុវត្តតាមអនុសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ឲ្យកាន់តែមានប្រសិទ្ឋភាព ក្នុងគោលបំណងរួមចំណែកធ្វើឲ្យសង្គមកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមានសន្តិភាព និងវឌ្ឍនភាពជានិច្ចនិរន្ត៍៕