ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយប្រជាកសិករដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយកសិករនៅព្រឹកនេះ គឺជាស្ថានភាពប្រក្រតីនៃជីវភាពតាមគន្លងថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីរងការរាតត្បាតនៃជំងឺកូវីដ១៩ កម្ពុជាមិនដែលបិទសេដ្ឋកិច្ចនោះឡើយ ត្រឹមតែមានការរឹតបន្តឹងខ្លះប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមិនទាន់មានជំងឺកូវីដ១៩ ពេលសម្តេចជួបប្រជាពលរដ្ឋមានភាពស្និទ្ធស្នាល តែឥឡូវត្រូវរក្សាគម្លាតសុវត្ថិភាព។

* សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះដើមឈើមួយដើមដែលសម្តេចជួបសំណេះសំណាលជាមួយកសិករពីខាងក្រោមនៅព្រឹកនេះថា «ដើមឈើចងចាំ»។ «ដើមឈើចងចាំ» ចង់បង្ហាញពីការចងចាំលើដំណើរទស្សនកិច្ចរបស់សម្តេចចុះពិនិត្យមជ្ឈមណ្ឌលវារីវប្បកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចនាព្រឹកនេះ ជាការជំនួសការអាក់ខាននៃការប្រារព្ធទិវារុក្ខជាតិ និងមច្ឆាជាតិ ដែលមិនប្រារព្ធព្រោះជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋមិនត្រឹមតែស្រុកខ្មែរនោះទេ គឺលើពិភពលោកតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ប៉ះពាល់គ្រប់ប្រទេសទាំងប្រទេសអ្នកមាន និងអ្នកក្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាកូវីដ១៩ វិស័យឧស្សាហកម្មលើពិភពលោកប៉ះពាល់ជាងកម្ពុជាធ្ងន់ធ្ងរណាស់។ ដូចជាឧស្សាហកម្មផលិតយន្តហោះជាដើម លែងមានទៀតហើយ ព្រោះមិនដឹងលក់ឱ្យនរណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចនឹងអញ្ជើញទៅច្រូតស្រូវនៅខេត្តតាកែវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបប្រជាកសិករ ឬថ្លែងសារនៅតាមវាលស្រែមិនមែនជារឿងថ្មី ឬចម្លែកសម្រាប់សម្តេចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបថតសម្តេច នៅតាមវាលស្រែជាមួយលោក លឹម គានហោ មានច្រើន ព្រោះស្ថិតក្នុងដំណាក់កាលដោះស្រាយបញ្ហាទឹក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះទៅច្រូតស្រូវនៅថ្ងៃទី២១ កក្កដា មិនមែនច្រូតដោយប្រើកណ្តៀវទៀតទេ គឺបើកត្រាក់ទ័រច្រូតតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាខ្វះស្បៀង ឬស្រូវ មិនជាបញ្ហារបស់កម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងចូលរួមក្នុងច្រវ៉ាក់ផ្គត់ផ្គង់ស្បៀងអាហារក្នុងតំបន់។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមិត្តភក្តិបរទេស និងអ្នកព័ត៌មានបរទេសផ្សព្វផ្សាយពីប្រកាសរបស់សម្តេច ក្នុងការចូលរួមផ្គត់ផ្គង់ស្បៀងអាហារក្នុងតំបន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលកូវីដ១៩ រីករាយដាលនេះ គេអាចបន្ថយការផលិតយន្តហោះ រថយន្ត បន្ថយការទិញសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ តែមិនអាចបន្ថយចំណីអាហារច្រកក្រពះបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ក្នុងនោះដីជាង ៤លានហិកតាទាំងស្រូវ និងដំណាំ នៅតែមានតម្រូវការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបង្វែរវិបត្តិបង្កដោយជំងឺកូវីដ១៩ ទៅជាឱកាសក្នុងការបង្កើសក្តានុពលផ្នែកកសិកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងពលកម្មក្នុងវិស័យសេវា ដែលបាត់បង់ការងារ អាចងាកមកវិស័យកសិកម្មវិញ។

* សម្តេចតេជោ បានថ្លែងថា ក្នុងមួយឆ្នាំៗកម្ពុជាត្រូវការសាច់ប្រមាណ២៩ម៉ឺនតោនក្នុងមួយឆ្នាំ តែកម្ពុជាអាចផ្គត់ផ្គង់បានត្រឹមជាង ២៣ម៉ឺនតោនប៉ុណ្ណោះ។ សម្តេចជំរុញឱ្យបង្កើនការចិញ្ចឹមបន្ថែម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញមានក្រុមហ៊ុនមួយស្នើសុំនាំចូលជ្រូកពីថៃ តែសម្តេចមិនគាំទ្រការនាំចូលនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំចូលជ្រូកពីក្រៅ ជាការសម្លាប់អ្នកចិញ្ចឹមក្នុងស្រុក ហើយចិញ្ចឹមពលរដ្ឋថៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះជាឱកាសក្នុងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ។ តែត្រូវចេះចាត់ចែងកុំឱ្យវាជាន់គ្នារវាងត្រីចិញ្ចឹម និងត្រីឡូតិ៍នេសាទ នាំឱ្យប៉ះពាល់ដល់តម្លៃ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងកសិកម្ម រៀបចំប្រក្រតិទិនក្នុងការចិញ្ចឹមត្រី និងបែងចែកទៅតាមតំបន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបង្កើនមន្ត្រីបច្ចេកទេសក្នុងវារីវប្បកម្ម តែយកមន្ត្រីជាប់កិច្ចសន្យា ហើយឆ្នាំក្រោយដាក់ចូលក្របខណ្ឌ។

* សម្តេចតេជោ ហ៊ុន សែន បានដៀមដាមឱ្យអ្នកនយោបាយរត់ចោលស្រុកមួយរូប ដែលមិនស្គាល់ពីការហៅខ្នុរ ដោយហៅក្តឹបខ្នុរ ថាជាកូនខ្នុរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដល់ពេលកម្ពុជាវាយលុកលើវារីវប្បកម្ម។ ក្នុងនោះរាជរដ្ឋាភិបាលបានទម្លាក់លុយ ៥០ម៉ឺនដុល្លារហើយ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីគាំទ្រការការធ្វើវារីវប្បកម្មនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ចំណេះជំនាញកសិកម្ម ជារឿងសំខាន់ជាងការផ្តល់អំណោយផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ អាចបំផ្លាញពលរដ្ឋកម្ពុជា តែមិនអាចធ្វើឱ្យពលរដ្ឋកម្ពុជាដាច់បាយបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មជាជីពចរជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃ និងវៀតណាម មានកម្រិតបច្ចេកទេសចិញ្ចឹម និងការកែច្នៃមានកម្រិតខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋប្រកាន់ឥរិយាបថការពារជំងឺកូវីដ១៩ ដោយពាក់ម៉ាស់ពេលទៅកន្លែងចាំបាច់ ជាពិសេសកន្លែងជួបជុំ។

* សម្តេចតេជោ ហ៊ុន សែន ព្រមានថា ខារ៉ាអូខេ ដែលមិនកែប្រែទៅជាអាហារដ្ឋានមិនឱ្យបើកដំណើរការឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កំពុងឧបត្ថម្ភសាច់ប្រាក់ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ប្រមាណ១៧ម៉ឺននាក់ ក្នុងមួយខែ៤០ម៉ឺនដុល្លារ។ ជាមួយគ្នានេះគិតត្រឹមថ្ងៃម្សិលមិញផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រប្រមាណ ៥២ម៉ឺនគ្រួសារ ក្នុងទំហំប្រមាណ ៩២ពាន់លានរៀល ស្មើនឹង ២៣លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបាត់បង់ការងារងាកមកចិញ្ចឹមត្រី ហើយរាជរដ្ឋាភិបាលផ្តល់ទុនជូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចនឹងវិនិយោគជំរុញប្រជាពលរដ្ឋចិញ្ចឹមត្រីនោះឡើយ ព្រោះជាការផ្តល់ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសចោទសួរថា តើនរណាបានស្វែងរកយុត្តិធម៌ជូនសម្តេច ពេលគេបាញ់សម្លាប់ប្អូនថ្លៃសម្តេចនៅឆ្នាំ១៩៩៦ ក្នុងរាជធានីភ្នំពេញ និងដាក់គ្រាប់បែកប៉ងសម្លាប់សម្តេចនៅឆ្នាំ១៩៩៨ នៅសៀមរាប?

* សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងកសិកម្ម ពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ ពិនិត្យលទ្ធភាពជួយអ្នកវិនិយោគលើការកែច្នៃចំណីត្រី និងសត្វ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាអាចបង្កើតរោងចក្រកែច្នៃចំណីសត្វ និងចំណីត្រីបាន ហើយតម្លៃប្រហាក់ប្រហែលនាំចូល នោះពលរដ្ឋនឹងទិញចំណីក្នុងស្រុក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៣៦៥ថ្ងៃ ថ្ងៃណាក៏សម្តេចមានត្រីឆ្ពិនអាំងជាមួយទឹកត្រីប៉េងប៉ោះដែរ។

* សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យយកទោសពៃអ្នកនិពន្ធបទ «អ្នកព្រៃវែងខុសត្រង់ណា?»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាអត់ទាន់រលំដោយសារជំងឺកូវីដ១៩នោះទេ ហើយនៅតែមានថវិកាសម្រាប់បើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាធម្មតា

* សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មនឹងពលរដ្ឋនៅខេត្តបន្ទាយមានជ័យម្នាក់ឈ្មោះ «រ័ត្ន សុធី» ដែលនិយាយថា ប្រាក់ឧបត្ថម្ភពលរដ្ឋក្រីក្រជាថវិកាជំនួយរបស់សហភាពអឺរ៉ុប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចប៉ប៉ាច់ប៉ប៉ោចជាមួយពលរដ្ឋជាង ៤០ឆ្នាំមកហើយ។ សម្តេចអត់មានសញ្ជាតិបរទេស សម្តេចអត់មានទៅណាចោលពលរដ្ឋទេ ទោះលំបាក ឬស្រួលក៏ដោយ គឺនៅជាមួយពលរដ្ឋជានិច្ច។