អគ្គនាយករងកិច្ចការបច្ចេកទេស ដឹកនាំក្រុមការងារ ចុះពិនិត្យការងារនៅការដ្ឋានដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងអនុវត្តនៅលើដងស្ទឹងបរវេល


នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារ ចុះពិនិត្យការងារនៅការដ្ឋានដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបាន និងកំពុងអនុវត្តនៅលើដងស្ទឹងបរវេល ។ ជាមួយគ្នានេះ ក្រុមការងារក៏បានចុះសិក្សា វាយតម្លៃ ដើម្បីរៀបចំគម្រោងបន្ថែមមួយចំនួនទៀតនៅតំបន់ពាក់ព័ន្ធ ក្នុងគោលបំណងដោះស្រាយទឹកជូនប្រជាពលរដ្ឋ ទាំងទឹកសម្រាប់ការស្រោចស្រព និងទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ តាមរយៈការសិក្សា វាយតម្លៃ នាពេលនេះ ក្រុមការងារ បានសម្រេចធ្វើការសិក្សាលំអិត និងឈានទៅធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ធារាសាស្ត្របន្ថែមមួយចំនួនទៀត រួមមាន ៖
១- សំណង់ស្ទាក់ទឹកគយម៉ែង ៖ ជាសំណង់កាត់ស្ទឹង និងត្រូវសាងសង់នៅផ្នែកខាងក្រោម ត្រង់ចំណុចប្រសព្វគ្នារវាងស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ ។ សូមបញ្ជាក់ជូនថា ស្ទឹងបរវេល ឬស្ទឹងមង្គលបូរី ក្រសួងបានសាងសង់សំណង់ស្ទាក់ទឹក កាត់ស្ទឹង និងរៀបចំប្រព័ន្ធស្រោចស្រព ០២ កន្លែងរួចមកហើយ គឺសំណង់តាហែន និងសំណង់ព្រៃខ្ពស់ ។ ការសាងសង់សំណង់គយម៉ែង បន្ថែមគឺដើម្បី ៖
– បង្កើនកំពស់ទឹក និងបរិមាណទឹក នៅផ្នែកខាងក្រោមសំណង់ព្រៃខ្ពស់ និងបន្តចែកចាយទៅតាមប្រព័ន្ធប្រឡាយតូច-ធំនានា ស្រោចស្រពលើដីកសិកម្មជាង ៣ មុឺន ហិកតា នៅក្នុងស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះ ។
– ស្ទាក់និងបង្កើនការស្ទុកទឹកទុកក្នុងស្ទឹងសេរីសោភ័ណ ស្ទឹងមង្គលបូរី និងស្ទឹងស្វាយចេក ឲ្យបានប្រមាណ ១៦០ លាន ម៉ែត្រគូប ដើម្បីបម្រើដល់ការដាំដុះ ពិសេសទឹកប្រើប្រាស់ក្នុងក្រុងសិរីសោភ័ណ ។
២- ជួសជុលស្តារឡើងវិញនូវប្រឡាយមេទានកាំ-ស្រះជីក និងប្រឡាយមេទានកាំ-ស្ពានស្រែង ដែលមានប្រវែងសរុបប្រមាណ ៤០ គម ដោយត្រូវសាងសង់ភ្ជាប់ទៅនឹងប្រព័ន្ធប្រឡាយកុមារ ។ ការរៀបចំប្រព័ន្ធប្រទាក់ក្រឡាបែបនេះ គឺក្នុងគោលដៅប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង និងជាប្រព័ន្ធដោះទឹកជំនន់ផង ក្នុងករណីដែលស្ទឹងស្រែងមានជំនន់ធំ ៕