រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកគ្រឹះស្ថានបណ្តុះបណ្តាល ដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ចាត់ទុកថា វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាបានដើរតួនាទីសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ដែលរហូតមកដល់ពេលនេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានក្នុងប្រទេសកម្ពុជា ជាពិសេសបានបង្ហាញនូវលទ្ធផលជាក់ស្តែងទាំងបរិមាណ និងគុណភាព។ នេះបើតាមប្រសាសន៍លើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ដឹកនាំដោយ ឯកឧត្តម ណុប នរិន្ទ ជាប្រធាននាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងការងារ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី សន្យានឹងរកពេលវេលាណាមួយសមរម្យ ដើម្បីចុះជួបផ្តល់កម្លាំងចិត្តដោយផ្ទាល់ដល់វិទ្យាស្ថានទាំងអស់ ដែលបានកំពុងតែបិទសាលាបណ្តុះបណ្តាលរបស់ខ្លួនមួយរយៈកន្លងមកនេះ ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនេះ។
ឯកឧត្តម ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីវឌ្ឍនភាពរបស់សមាគមក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមនូវសកម្មភាពសង្គម ក៏ដូចជាបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលសមាគមនេះបានជួបប្រទះ និងស្នើសុំឱ្យមានការបើកឱ្យដំណើរការឡើងវិញ ចំពោះវិទ្យាស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងស្នើសុំជ្រើសរើស និស្សិតឱ្យចូលរៀនវិញដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិង ក្រសួងការងារ ។ ដោយសារតែសមាជិក នៃសមាគម កំពុងជួបនូវបញ្ហាថ្លៃជួលអគារសិក្សា ក៏ដូចជាចំណាយផ្សេងៗ ក្នុងកិច្ចដំណើរការ របស់វិទ្យាស្ថាន ជាពិសេសការផ្តល់សេវានានារបស់ខ្លួនក្នុងដំណាក់កាលនៃវិបត្តិជាសកលនេះ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លើកឡើងថា
អ្វីដែលអាចធ្វើឱ្យវិទ្យាស្ថានអាចទៅមុខបានអាស្រ័យទៅលើស្ថានភាពនៃកូវីដ១៩នេះ ថាតើបានធូរស្រាលកម្រិតណា ព្រោះបច្ចុប្បន្នវាកំពុងតែវាយលុកបណ្តាប្រទេសជាច្រើន ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកថា កន្លងមកនេះ រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានយ៉ាងល្អប្រសើរ គឺមិនមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសារបញ្ហានេះនៅឡើយទេ គឺអ្នកជំងឺទាំងអស់បានហូរចូលពីបរទេស ហើយក្រសួងសុខាភិបាលយើង បានគ្រប់គ្រងបានយ៉ាងល្អ បើទោះជាពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្តី។
ឯកឧត្តមរដ្ឋមន្ត្រី សុំការយោគយល់ពីស្ថាបនិកទាំងអស់នៃសាលា-វិទ្យាស្ថាន ក៏ដូចជាគ្រឹះស្ថានសិក្សានានា ដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកនាពេលនេះ ដើម្បីបញ្ចៀសពីការចម្លងនៅក្នុងសហគមន៍របស់យើង ប៉ុន្តែយ៉ាងណាសម្រាប់វិស័យអប់រំ យើងបានបើកជា៣ដំណាក់កាល ដំណាក់កាលទីមួយ គឺបើកសាលាណាដែលមានសុវត្ថិភាព អនាម័យខ្ពស់ រួមមានកូនមន្រ្តីទូត កូនអ្នកជំនួញ រឺអ្នកវិនិយោគ បានរៀនសូត្រនៅកម្ពុជា ហើយក៏កំពុងពិនិត្យលទ្ធភាព បើកជំហានទី២ និងទី៣ជាបន្តបន្ទាប់ ជាពិសេសក៏កំពុងពិនិត្យលទ្ធភាពបើករោងជាងជាមុនសិន ដែលយើងបានកំពុងធ្វើការស្នើសុំ រង់ចាំការសម្រេចពីរាជរដ្ឋាភិបាល។ រាល់សំណើរ របស់សមាជិកនៃសមាគម ឯកឧត្តមរដ្ឋមន្រ្តី បានទទួលយក និងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាល ប៉ុន្តែបើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គឺត្រូវតែធានាឱ្យបាននូវលក្ខខណ្ឌអនាម័យខ្ពស់ ហើយបង្កើតឲ្យមានក្រុមការងារចុះអង្កេតគ្រប់សាលាទាំងរដ្ឋ និងឯកជន បើរកឃើញថា មិនបានអនុវត្តតាមគោលការណែនាំបានល្អទេ នឹងត្រូវផ្អាកវិញជាបន្ទាន់។
សម្រួលឥណទានមួយចំនួនដើម្បីបង្កើតកម្មវិធីសិក្សា វិទ្យាស្ថានខ្លះរៀនតាមកម្មវិធីផ្សេងៗ តាមអ្វីដែលអាចមានលទ្ធភាពក្នុងការបង្រៀន ត្រូវគិតពីគុណភាព ទោះបីជារៀនតាមអនឡាញ ត្រូវមានការរៀបចំការប្រលងនៅក្នុងថ្នាក់ ត្រូវមានការទទួលស្គាល់ និងចេញសញ្ញាបត្របញ្ជាក់ជាដើម។
ទាក់ទងនឹងសមាគមនេះ ត្រូវខិតខំពង្រឹងខ្លួន ដើម្បីប្រកួតប្រជែងជាមួយសមាគមផ្សេងទៀត សំខាន់ការឯកភាពសាមគ្គីផ្ទៃក្នុងឲ្យបានល្អ គៀងគរប្រមែប្រមូលគ្រឹះស្ថានទាំងអស់ឲ្យស្ថិតនៅក្នុងសមាគមតែមួយ ដើម្បីរួមគ្នាលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្លើយតបទៅនឹងបរិបទឧស្សាហកម្ម៤.០។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យសមាគម មានការឯកភាពគ្នា សហការប្រមែប្រមូលគ្រឹះអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ មកជាក្រុមតែមួយ ដោយគៀងគរលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ទាំងរដ្ឋ និងឯកជន ដែលលោកបានចូលនិវត្ត ពោរពេញដោយបទពិសោធន៍ល្អៗ មកជួយតម្រែតម្រង់បន្ថែមទៀត ដោយធ្វើទំនើបកម្ម តាមបែបប្រព័ន្ធឌីជីថល តាមរយៈការអប់រំ បណ្តុះបណ្តា បច្ចេកទេស វិជ្ជាជីវៈ និងជាឧបករណ៍ក្នុងការប្រមែប្រមូលធនធានមនុស្សឱ្យមកជុំគ្នា។ ប៉ុន្តែក្នុងដំណាក់កាលនេះសំខាន់បំផុតនោះគឺការផ្ទេរចំណេះដឹងតាមអនឡាញ ដែលជាយន្តការមួយអាចដោះស្រាយបញ្ហារបស់វិទ្យាស្ថាននិងសាលារៀនបាន ព្រោះថាកូវីដ១៩អាចនឹងនៅតែបន្តយូរអង្វែង ដោយមកដល់ពេលនេះមិនទាន់មានប្រទេសណាមួយ បង្ហាញវ៉ាក់សាំងព្យាបាលពិតប្រាកដនោះនៅឡើយទេ។ យ៉ាងណាឯកឧត្តរដ្ឋលេខាធិការ ស្នើឱ្យសមាគម បន្តពង្រឹងសមត្ថភាពបង្រៀន និងរៀនតាមប្រព័ន្ធឌីជីថលនេះឱ្យបានខ្លាំងក្លាបន្ថែមទៀត តាមការវិវឌ្ឍរបស់បច្ចេកវិទ្យាពិភពលោក ធានាបានការប្រកួតប្រជែងសមត្ថភាពទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ(TVET) ចំនួន៩ បានព្រមព្រៀងគ្នាបង្កើតសមាគមនេះឡើង និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្នុងគោលបំណងសម្របសម្រួលកិច្ចការបណ្តុះបណ្តាលរបស់គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា។ បើគិតមកដល់ពេលនេះ សមាគមទើបតែមានអាយុជាង ១ឆ្នាំ ១០ខែ។ តែសមាគមមានបំណងធ្វើការជាច្រើនអំពីការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមចំណែកជួយអភិវឌ្ឍសង្គមយើង៕