រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលសម្តែងការគួរសម


(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) ដឹកនាំដោយ លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមនេះ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។

ការចូលជួបសម្តែងការគួរសមនេះ មានតំណាងក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។

ឯកឧត្តម ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានបញ្ជាក់ឱ្យដឹងថា លោកឧកញ៉ា លាង ម៉េង បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីថា សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានខិតខំស្វែងរកវិធីសាស្រ្ត រក្សាការងារជូនកម្មករ និយោជិក ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ ហើយសមាគមបានពិនិត្យមើលស្ថានភាពទីផ្សារ ដើម្បីបន្ដរនិរន្តភាព ឧស្សាហកម្មស៊ីម៉ងត៍នៅក្នុងប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ដែលបានខិតខំអនុវត្តទៅតាមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA បានប្តេជ្ញាអនុវត្តតាម និងខិតខំរក្សាការពារការងារជូនដល់កម្មករ ប្រជាពលរដ្ឋយើង ក្នុងនោះសមាគមក៏សូមអរគុណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់គាំទ្រដល់ ឧស្សាហកម្មស៊ីម៉ងត៍ក្នុងស្រុកយើង ក៏ដូចជាក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងបរិស្ថានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំអមពីសក្កានុពល និងវិសាលភាពនៃការអភិវឌ្ឍលើវិស័យផ្សេងទៀត ដែលជាកត្តានាំឱ្យមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើង។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ លោក គាំទ្រសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA យ៉ាងពេញទំហឹង៕