កិច្ចប្រជុំបច្ចេកទេសជាសកលឆ្នាំ២០២០ ស្ដីពីការប្រមើលមើលលើការងារស្ម័គ្រចិត្តលើរបៀបវារៈឆ្នាំ២០៣០ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក


ឆ្លើយតបតាមការអញ្ជើញរបស់អង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ(UNV) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសធើ្វជាវាគ្មិននៅក្នុងកិច្ចប្រជុំនិមិ្មតនៃ “កិច្ចប្រជុំបច្ចេកទេសជាសកលឆ្នាំ២០២០” ស្តីពីការប្រមើលមើលលើការងារស្ម័គ្រចិត្តលើរបៀបវារៈឆ្នាំ២០៣០ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Global Technical Meeting 2020 on “Reimagining Volunteering for the 2030 Agenda” for the Asia-Pacific region) ដែលមានប្រទេសចូលរួមមកពីគ្រប់តំបន់ជុំវិញពិភពលោក។
ក្នុងសេចក្តីថ្លែងការណ៍រយៈពេល៤នាទី ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជារដ្ឋភិបាលកម្ពុជា និងស្មារតីស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់សេវាអប់រំបែបឌីជីថល យ៉ាងមានប្រសិទ្ធភាពដល់កុមារ យុវជនកម្ពុជា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីត១៩។
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការងារអភិវឌ្ឍយុវជនកម្ពុជា តាមរយៈការផ្តល់ឱកាសការងារស្ម័គ្រចិត្ត និងកម្មវិធីអភិវឌ្ឍសមត្ថភាពនានា ដែលបានឆ្លើយតបយ៉ាងវិជ្ជមានទៅនឹង គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ទី៤ គឺធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕
១៥ កក្កដា ២០២០ | ទីស្តីការក្រសួង