រាជធានីភ្នំពេញ៖ កម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” ត្រូវបានផលិតឡើងដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល បង្កើតភាពងាយស្រួលសម្រាប់សិស្ស និស្សិត អាចទាញយកឯកសារតាមមុខវិជ្ជាទៅតាមថ្នាក់ ព្រមទាំងអាចគ្រប់គ្រងទិន្នន័យ តាមដានសកម្មភាពសិក្សារបស់សិស្សបានផងដែរ ដែលកម្មវិធីនេះត្រូវបានផលិតដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា និងព័ត៌មាន សហការជាមួយក្រុមហ៊ុន Sabay Digital ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា នេះជាដំណាក់ថ្មីនៃការអប់រំតាមបែបឌីជីថលនៅប្រទេសកម្ពុជា។ ឯកឧត្ដមបានថ្លែងអំណរគុណដល់ឯកឧត្ដម ជា វ៉ាន់ដេត ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីនេះឡើង ព្រមទាំងបានបង្កើតបណ្ណាល័យអេឡិចត្រូនិក និងមាតិកាអប់រំបែបឌីជីថល តាមរយៈកិច្ចសហការជាមួយសាធារណរដ្ឋកូរ៉េ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណដល់លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រោមការដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ដែលបានបង្កើត គ្រប់គ្រង និងដំណើរការបន្ទប់ថតពហុផ្សព្វផ្សាយទាន់ពេលវេលា ខណៈសិស្សកំពុងត្រូវការចាំបាច់នូវមាតិកាបែបឌីជីថល។
សូមជម្រាបថា ក្រោមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំបានប្រកាសអនុវត្តវិស្សមកាលតូចមុនពេលកំណត់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ យ៉ាងនេះក្ដី ក្រសួងអប់រំបានខិតខំរិះរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើតឱកាសដល់សិស្សានុសិស្ស ទោះបីមិនមានកញ្ចប់ថវិកាគ្រោងទុកក្ដី៕
១៥ កក្កដា ២០២០ | ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍