នៅថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត រួមដំណេីរដោយ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកែប និងមន្រ្តីពាក់ព័ន្ធ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ។
ថ្លែងក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ តែងតែខ្វល់ខ្វាយអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទៅ ជាក់ស្តែងពេលនេះបងប្អូនយេីងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ធ្វេីអោយប្រាក់ចំណូលរបស់បងប្អូនមានការធ្លាក់ចុះ ទេីបប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ផ្តល់ប្រាក់ឧបត្តម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រដែលចេញដោយអាជ្ញាធរ មានសុពលភាព និងឆ្លងកាត់ការពិនិត្យត្រឹមត្រូវតាមបច្ចេកទេសរបស់ក្រសួងផែនការ ។
ឯកឧត្តម បានបន្ថែមទៀតថា ចំពោះបងប្អូនដែលមានជីវភាពក្រីក្រ តែមិនទាន់ទទួលបានបណ្ណក្រីក្រី សូមរួសរាន់ ដាក់ពាក្យស្នេីសុំសម្ភាសន៍នៅអាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅ ករណីដែលពិនិត្យ និងសម្ភាសន៍តាមបច្ចេកទេស ជាប់ថាក្រីក្រពិតប្រកដ ដេីម្បីរាជរដ្ឋាភិបាលចេញប័ណ្ណក្រីក្រជូនយកទៅប្រេីប្រាស់ ។ បណ្ណក្រីក្រនេះ មិនត្រឹមតែយកទៅបេីកប្រាក់ឧបត្តម្ភ តែមួយមុខនោះទេ គឺយកទៅព្យាបាលជំងឺ និងទទួលសេវាសង្គមផ្សេងៗ ដោយមិនគិតសេវានោះឡេីយ ។
តាមរបាយការណ៍របស់មន្ទីរផែនការខេត្ត រាយការណ៍ដោយ លោក គង់ សាវ៉ាត បញ្ជាក់ថា គិតត្រឹមថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២០នេះ គ្រួសារក្រីក្រដែលស្នេីសុំសម្ភាសន៍ ជាប់ជាគ្រួសារក្រីក្រ មានចំនួន ៣៤២គ្រួសារ ក្នុងនោះ ក្រកម្រិត១ មានចំនួន ១១៤គ្រួសារ ក្រកម្រិត២ មានចំនួន ២២៨គ្រួសារ ។ ដោយឡែកទិន្នន័យគ្រួសារក្រីក្រដែលមានបណ្ណ័កាលពីឆ្នាំ២០១៧ មានចំនួន ១,៤២១គ្រួសារ ត្រូវបានធ្វើបច្ចុប្បន្នភាព និងសម្រេចដកបណ្ណក្រីក្រចេញ ចំនួន ១៧៣គ្រួសារ ដោយគ្រួសារទាំងនេះមានជីវភាពប្រសេីរឡេីងវិញ ។
ចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានអំពាវនា សូមអោយបងប្អូន ត្រូវមានអនាម័យខ្លួនប្រាណ រក្សាគន្លាតសង្គម អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីជៀសឆ្ងាយពីការឆ្លងជំកូវីដ១៩ ក្នុងសង្គមជាតិយេីង ។