ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ កិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ រវាងកម្ពុជា-ចិន ជាកម្លាំងចលករមួយដ៏សំខាន់ ដែលពង្រឹងនូវចំណងសាមគ្គីភាព រឹងដូចដែកថែប


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា គឺជាកម្លាំងចលករមួយដ៏សំខាន់ ដែលពង្រឹងនូវចំណងសាមគ្គីភាព រឹងដូចដែកថែប។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ គម្រោងលំនៅដ្ឋាន តម្លៃរាប់លានដុល្លារ ដែលមានឈ្មោះថា Le Condé BKK1 ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

លើសពីនោះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបន្ថែមថា កិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ រវាងកម្ពុជា-ចិន នេះ បានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ ជាង២ទសវត្សរ៍កន្លងមកនេះ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា ការវិនិយោគទាំងអស់នេះ បានបង្ហាញថា ក្រុមហ៊ុននិងអ្នកវិនិយោគចិនទាំងអស់ ជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់ សម្រាប់បរិយាកាស នៃការវិនិយោគនៅកម្ពុជា។

លោក លីង តុង នាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji បានលើកឡើងថា Le Condé BKK I ជាគម្រោងគេហដ្ឋានដ៏ធំជាងគេ ក្នុងសង្កាត់បឹងកេងកង១ ដែលនាំមកនូវទម្រង់វឌ្ឍនភាពមួយដែលអស្ចារ្យ ក្នុងតំបន់បឹងកេងកង១។

លោក លីង តុង បានបន្ដទៀតថា ក្នុងគម្រោងនេះ ក៏មានការសាងសង់ នូវអគារសំរាប់ហាត់ប្រាណលើអាកាសមួយ ដែលជាសួនលើអាកាសពិតៗ មានទាក់ទាញសម្រាប់មាតាបិតា និងជាឋានសួគ៌របស់កុមារដំបូងគេ ដែលមានផ្ទៃក្រលាជាង៨០០ម៉ែត្រការ៉េ៕