ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលា ស្តីពីនីតិវិធី និងដំណើរការ នូវការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩


ទីស្តីការក្រសួង៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលា ស្តីពីនីតិវិធី និងដំណើរការនូវការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រសួង ស.អ.យ. តំណាងអង្គការដៃគូ តំណាងក្រសួងពាក់ព័ន្ធ អភិបាល អភិបាលរង និងក្រុមការការងារប្រតិបត្តិ តាមបណ្តា ក្រុង ស្រុក ខ័ណ្ណ ទាំង២៥ រាជធានី ខេត្ត៕
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត មានប្រសាសន៍ ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពជា បានចំនួន៥៣ម៉ឺនគ្រួសាលើប្រមាណ៥៦ម៉ឺនគ្រួសារ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សូមជូនដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នៅសេសសល់ដែលមិនទាន់បានបើកប្រាក់ សូមអញ្ជើញរួសរាន់មកបើកឲ្យបានមុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបានអនុវត្ដ ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់បានបើករួចហើយនៅខែមិថុនា(ជុំទី១) សូមអញ្ជើញទៅបើកជុំទី២ នៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលនេះជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្ងាក់ងារវីងតែម្តង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។
សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់៕