សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី សម្ពោធអគារសិក្សាមួយខ្នងនៅវិទ្យាល័យ ហ៊ុន សែន បឹងកុក


នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញ​សម្ពោធ​អគារសិក្សា និងទីចាត់ការសរុប ២១បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន បឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សូមរំលឹកថា អគារសិក្សាមួយខ្នង កម្ពស់៣ជាន់ ស្មើ១៨បន្ទប់ និងអគារទីចាត់ការមួយខ្នងស្មើ ៣បន្ទប់ ក្នុងវិទ្យាល័យ ហ៊ុន សែន បឹងកុកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ជូនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដោយថវិការបស់សម្តេចផ្ទាល់ ក្នុងពេលសម្តេច ​អញ្ជើញចុះសំណេះសំណាលជាមួយ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម។

ការសម្រេចផ្តល់ជូននេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ទទួលបានការស្នើសុំពី​នាយកអនុវិទ្យាល័យ​តាមរយៈទំព័រ Facebook របស់សម្តេច។ ក្រោយសំណូមពរនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ បន្ទាប់ពីឃើញពីសភាពទ្រុឌទ្រោម នៃអគារសិក្សា និងមើលឃើញពីកង្វះខាតអគារសិក្សា សម្តេចក៏សម្រេចផ្តល់​អគារសិក្សា​ថ្មីតែម្តង។

ក្រៅពីការផ្តល់អគារសិក្សា សម្តេចនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងឲ្យសាងសង់របង និងខ្លោងទ្វារសាលាថ្មីផងដែរ។ នាយកវិទ្យា​ល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសាលានេះ បានសម្តែងក្តីរំភើបរីករាយក្រោយ ទទួលបានអគារសិក្សាថ្មី បំពេញសេចក្តីត្រូវការ​ក្នុងការសិក្សារបស់សិស្ស។