នាយករង ខុទ្ទកាល័យសម្តេច ភក្តី សាយ ឈុំ អញ្ជើញចូលរួម រំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន


រសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាបាននាំយកនូវបច្ច័យ និងលិខិតរំលែកទុក្ចរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រួសារសពលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥:៤៥នាទីល្ងាចក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន គឺជាការបាត់បង់គួរឲ្យសោកស្តាយបំផុតនូវស្វាមីប្រកបដោយសង្គហធម៍ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតាជាទីគោរពស្រឡាញ់ដែលប្រកបដោយព្រហ្មវិហារធម៍ ហើយក៏ដូចជាការបាត់បង់នូវធនធានមនុស្សផ្នែកមរត៌កមនុស្សរស់មួយរូបប្រកបដោយពុទ្ធិ ទេពកោសល្យ និងបទពិសោធន៍ផ្នែកសិល្បៈអរូបីដែលក្នុងមួយជីវិតរបស់លោកព្រឹទ្ធាចារ្យបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការបម្រើវិស័យសិល្បៈវប្បធម៌។
សពលោកព្រឹទ្ធាចារ្យ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនានៅវត្តឫស្សីស្រស់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី
ព្រីង សាឃន បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍តរៀងទៅ… ៕