លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា


ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងកោតសសើរចំពោះ លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេស ក្នុងវិស័យឯកជន និង បានចូលរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលសិស្ស និស្សិត នៅកម្ពុជា ។

សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការីអញ្ជើញចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

ជាការឆ្លើយតប លោក ប៉ិច បូឡែន ក៏បានលើកឡើងអំពីវឌ្ឍនៈភាពរបស់សមាគម ដែលបានដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន ។ ក្នុងនោះ ផងដែរ សម្រាប់សមាគមក៏រងនូវផលប៉ះពាល់មួយចំនួនធំពីបញ្ហាកូវីដ ១៩ ដែលពិភព លោកបាននឹងកំពុងប្រឈមមុខយ៉ាងខ្លាំងអំពីការឆ្លង រីករាលដាល នៃជម្ងឺនេះ។ តែទោះជាយ៉ាងណា សមាគមក៏បានគោរពតាមសរាចរណ៍ណែនាំរបស់រដ្ឋាភិបាលក៏ដូចជារបស់ក្រសួងសុខាភិបាល នូវការរក្សាអនាម័យ និងគម្លាតសង្គម ។

លោកជំទាវក៏បានអរគុណដល់ចូលរួមចំណែករបស់ និងបានស្នើឲ្យសមាគម ៖
១. មេត្តាយោគយល់ និងជួយសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ និងទប់ស្កាត់ តាមរយៈអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលរួមមាន ការសំអាតដៃ និងរក្សាគម្លាត ជាដើម។
២. សមាគមត្រូវតាមដាន និងអនុវត្តនូវការជូនដំណឹង និងការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោផ្ទាល់ និងក្រសួងអប់រំ យុវជន និងកីឡា។
៣. ចូលរួមពង្រឹងគុណភាពអប់រំ នៅកម្ពុជា ដើម្បីឱ្យសិស្ស និស្សិតពេលរៀនចប់ ពួកគាត់អាចរកការងារធ្វើបាន៕