ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល


ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជាមិនត្រូវបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើស្រវឹងសូមកុំបើកបរ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានា ដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍។
ការអំពាវនាវនេះធ្វើឡើង នៅក្នុងពិធីផ្សព្វផ្សាយអប់រំស្តីច្បាប់ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ នេះ ដោយមានការចូលរួមពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីពាក់ព័ន្ធកងកំលាំងទាំងបី ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងក្រុងតាខ្មៅជាង ២០០នាក់។
ឯកឧត្តមបន្តថា សុវត្ថិភាពចរាចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់នៃសុខភាពសាធារណៈ ជាការងារចម្បងដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់ ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានចំនួនខ្ពស់នឹងកើនឡើងយ៉ាងខ្លាំងជាបញ្ហាចាំបាច់ចំពោះមុខ ដែលត្រូវតែរួមគ្នាដើម្បីដោះស្រាយពីព្រោះបញ្ហានេះមិនមែនជាភារកិច្ចផ្ដាច់មុខរបស់នរណាម្នាក់ឡើយ។
ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ បានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ​ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យនៅកម្រិតទាបបំផុត។
លោកជំទាវបានបញ្ជាក់បន្តថា ឆ្នាំ២០២០នេះ គឺរាជរដ្ឋាភិបាលបានកំណត់យកជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក ដើម្បីជាការទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរមានូវកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើន​អ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបានចាប់អនុត្តការរឹត​បន្តឹង​ការអនុវច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០តទៅ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាអនុវត្តច្បាប់ចរាចរណ៍នេះឱ្យមានប្រសិទ្ធភាពដើម្បីជៀសផុតពីការអាផាកពិន័យធ្ងន់ធ្ងរ។
លោកជំទាវបានជម្រុញឲ្យអ្នកចូលរួមទាំងអស់ លើកឡើងជាសួរ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយក៏បានលើកទឹកចិត្តដល់ យុវជនឲ្យរៀនអំពីវិធីប្រើប្រាស់កម្មវិធីអប់រំច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូ​វគោក (Cambodia Driving Rules) ដែលជាកម្មវិធីមួយងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រលងសាកល្បងសមត្ថភាពរបស់ខ្លួនបានផងដែរ ពីព្រោះកម្មវិធីនេះជាកម្មវិធីអេឡិចត្រូនិច ដែលអាចទាញយកបានពី app store និង play store អាចដំណើរការបានលើទូរស័ព្ទដៃស្មាតហ្វូន ទាំងប្រព័ន្ធ android និងប្រព័ន្ធ ios។
ក្នុងពិធីនេះក៏មានការចែកជូន មួកសុវត្ថិភាព សៀវភៅច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ ដល់អ្នកចូលរួមផងដែរ។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានឲ្យដឹងថា គិតត្រឹមពេលនេះមន្ទីរបានចុះបញ្ជី យានយន្ត ទេសចរណ៍បានចំនួន ៥១៤ គ្រឿង រថយន្តដឹកទំនិញធុនតូចបានចំនួន ២៦០ គ្រឿង រថយន្តដឹកទំនិញធុនធំបានចំនួន ៣៧៨ គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចបានចំនួន ៧១គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំបានចំនួន ៤ គ្រឿង ទោចក្រយានយន្តបានចំនួន ២៣៩០ គ្រឿង ត្រីចក្រយានយន្តបានចំនួន ៣៣៩គ្រឿង។ បានផ្ដល់ប័ណ្ណយានយន្តប្រភេទ ក ចំនួន ១១២២បណ្ណ ប្រភេទ ខ ចំនួន ៧៦៥៥បណ្ណ។