ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងឆមាសទី១ សម្រេចបានលទ្ធផលការងារល្អប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់


កំពង់ឆ្នាំងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងខែកក្កដា និង លើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការចំណុះសាលាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងអធិការក្រុងស្រុកចូលរួមផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានជម្រុញផងដែរដល់គ្រប់ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងនិងគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួនអោយបានល្អ, ត្រួតពិនិត្យសកម្មភាពការងារធៀបទៅនឹងផែនការសកម្មភាព, អនុវត្តអោយបានតាមគោលការណ៍របស់ថ្នាក់លើបានកំណត់ និងត្រូវមានវិធានការណ៍ចំពោះមន្រ្តីរាជការណាមិនគោរពតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរដែនដីខិតខំថែរក្សាការពារធនធានធម្មជាតិ ទប់ស្កាត់ការរុករានទន្ទ្រានដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន និង រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អ និងត្រូវផ្សព្វផ្សាយច្បាប់ផ្សេងៗ ឲ្យប្រជាពលរដ្ឋ យល់ ជាពិសេសច្បាប់ចរាចរណ៍ ពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើអោយគ្រប់អង្គភាពជុំវិញខេត្ត អាជ្ញាធរនិងសមត្ថកិច្ចក្រុងស្រុកចង់សម្រេចបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយមាន ផែនការសកម្មភាពការងារច្បាស់លាស់ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។ ជាពិសេសគ្រប់អង្គភាពជុំវិញខេត្តនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺផ្សេងៗនិងបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការបង្ការការ ការពារការរីករាលដាលជំងឺកូវីដ-១៩ អោយប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់។អាជ្ញាធរមូលដ្ឋានត្រូវក្តាប់អោយបានស្ថិតិពលករចំណាកស្រុករាយការណ៍មកថ្នាក់លើបានទាន់ពេលវេលា និងចូលរួមសហការជាមួយមន្ទីរផែនការខេត្ត ក្នុងការកំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនូវអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។