ក្នុងក្រុងសែនមនោរម្យដដែល ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកមើលចំការក្រូចវល្លិ៍ ទុរេន និងផ្លែប៊ឺ របស់បងស្រី ប្រាក់ សាវី (លេខទំនាក់ទំនង ០៩៧ ៧៩ ៧០ ១៤៥)។ ដើរមើលផលដំណាំបណ្តើរ រៀបរាប់អំពីផលដំណាំជូនឯកឧត្តមរដ្ឋមន្រ្តីបណ្តើរ ថាបច្ចុប្បន្នដំណាំឈើហូបផ្លែខាងលើ ទទួលបានផលល្អ និងកំពុងពេញនិយមនៅលើទីផ្សារ ពិសេសផ្លែប៊ឺ សម្រាប់ភ្ញៀវអញ្ជើញមកពីភ្នំពេញ និងបញ្ជាទិញយកទៅភ្នំពេញ។ ជាមធ្យមបងស្រីអាចរកចំណូលបានពី ១០ ០០០-១៥ ០០០ដុល្លារក្នុង ១ឆ្នាំ លើផ្ទៃដី ៧ហត។ បងស្រីបញ្ជាក់ថាដោយសារចំណូលនេះហើយធ្វើឲ្យកូនពីរនាក់មួយចប់បរិញ្ញាបត្រច្បាប់ និងមួយទៀតសញ្ញាបត្រវេជ្ជបណ្ឌិត និងមួយទៀតកំពុងត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះ។
ឃើញផល្លានុផលក្នុងចំការដុះលូតលាស់ ឲ្យផលបានល្អប្រសើរ ឯកឧត្តមរដ្ឋមន្ត្រីអត់សរសើរមិនបានចំពោះការខិតខំប្រឹងប្រែងមើលថែរទាំដំណាំបានទទួលផលយ៉ាងល្អ និងចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ កូនៗបានរៀនសូត្រជ្រៅជ្រះ គ្រួសារជួបជុំ មានសុភមង្គល។ កត្តា វិជ្ជមានទាំងអស់នេះហើយគឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលស្របពេលដែលសេដ្ឋកិច្ចជាតិកំពុងប្រឈមនឹងបញ្ហាដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩ និងវិស័យមួយចំនួនកំពុងអសកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យបងស្រីខិតខំប្រឹងប្រែងបន្ថែមទៀតទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងធ្វើយ៉ាងណាធានាទាំងបរិមាណ និងគុណភាពសម្រាប់ផលិតផលផ្លែឈើក្នុងចំការរបស់បងស្រីដែលកំពុងមានសក្តានុពលទាំងក្នុងតំបន់ និងក្រៅតំបន់។ ឯកឧត្តមរដ្ឋមន្ត្រីបានជូន ១០០ដុល្លារ ហើយថាប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងនាមថ្នាក់ដឹកនាំក្រសួងពេលឃើញបងស្រីខិតខំបង្កបង្កើនផលផង និងអប់រំ ទូន្មានព្រានប្រដៅ ណែនាំកូនៗបានរៀនសូត្រខ្ពង់ខ្ពស់ ដែលពួកគេគឺជាធនធានមនុស្សមានសមត្ថភាព ចេញពីគ្រួសារកសិករដាំដំណាំជារបរស្នូលដើម្បីសេដ្ឋកិច្ចគ្រួសារ។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកមើលចំការក្រូចវល្លិ៍ ទុរេន និងផ្លែប៊ឺ របស់បងស្រី ប្រាក់ សាវី ក្នុងក្រុងសែនមនោរម្យ
