ធនាគារ BRED របស់បារាំង បង្ហាញវត្តមានផ្លូវការនៅក្នុងប្រទេសកម្ពុជា


ធនាគារដ៏ធំលំដាប់ទី២ និងល្បីល្បាញរបស់បារាំងឈ្មោះហៅថា BRED នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានបើកដំណើរការសាខាទី១ របស់ខ្លួនជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ។ ពិធីដាក់ដំណើរការ បានប្រព្រឹត្តិទៅក្រោមគណៈអធិបតី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងឯកឧត្តម ហ្សង់ក្លូត ប៉ុមបឺស (Jean-Claude Poimboeuf) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានចាត់ទុកវិស័យធនាគារជាផ្នែកមួយសំខាន់ ក្នុងការអភិវឌ្ឍប្រទេស និងជាជំហានឆ្ពោះទៅរកការធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ចដ៏រឹងមាំ។ “ចាប់ពីកសិកម្មរហូតដល់សេវាកម្ម, គម្រោងហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធរហូតដល់ការដោះដូរទំនិញឆ្លងកាត់ព្រំដែន និងពីអតិថិជនរហូតដល់ក្រុមហ៊ុនអន្តរជាតិ ឬពីប្រាក់កម្ចីដល់ប្រាក់សន្សំ គឺសុទ្ធតែជាបេះដូងនៃសេដ្ឋកិច្ចជាតិរបស់យើង” ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់។
“វត្តមានរបស់ធនាគារ BRED នៅថ្ងៃនេះ គឺជាសាក្ខីភាពបង្ហាញថាពិភពលោកទាំងមូល មិនត្រឹមតែប្រទេសនៅក្នុងតំបន់ទេ កំពុងចាប់ផ្តើមទទួលស្គាល់អំពីសារៈសំខាន់របស់កម្ពុជា នៅក្នុងប្រព័ន្ធផ្គត់ផ្គង់ចង្វាក់តម្លៃសាកល” ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែម។
គួររំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានដាក់ចេញកម្មវិធីកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា សំដៅទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស។ ការបោះជំហាន របស់ធនាគារបារាំង ចូលមកក្នុងទីផ្សាររបស់កម្ពុជា មិនគ្រាន់តែជាលទ្ធផលល្អនៃការអនុវត្តគោលនយោបាយដ៏មានប្រសិទ្ធភាពទេ ប៉ុន្តែក៏ជាសញ្ញាណបញ្ជាក់ពីស្ថិរភាព និងសុវត្ថិភាពសម្រាប់ក្រុមហ៊ុនផ្សេងៗ ក្នុងការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា៕