ឧត្តម ប៉ុញ សច្ចៈ ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងសិក្សាពីសក្តានុពលទឹកនៅក្នុងតំបន់អាងស្ទឹងមង្គលបូរីផ្នែកខាងលើ


មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ និងសិក្សាពីសក្តានុពលទឹកនៅក្នុងតំបន់អាងស្ទឹងមង្គលបូរីផ្នែកខាងលើ ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ។
ក្នុងដំណើរបេសកកម្ម ចាប់តាំងពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧ ក្រុមការងារបានចុះពិនិត្យទីតាំងសំខាន់ៗមួយចំនួន ដូចជា ៖
១- ទីតាំងដែលមានសក្តានុពលសាងសង់អាងទឹកបរហ៊ុយ ក្បាលស្ទឹងប៉ៃលិន (ស្ទឹងបរយ៉ាខា) ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។
២- ទីតាំងដែលមានសក្តានុពលសាងសង់អាងទឹកបុស្សស្អំ ស្ទឹងប៉ៃលិន ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
៣- ពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ដើម្បីរៀបចំផែនការធ្វើអនុត្តរភាព ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
៤- ទីតាំងដែលមានសក្តានុពលសាងសង់ប្រព័ន្ធធារាសាស្ត្រស្ទឹងកុយ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
៥- ទីតាំងប្រសព្វគ្នារវាងស្ទឹងចំនួន ៣ គឺស្ទឹងប៉ៃលិន ស្ទឹងអូរដាកំរៀង និងស្ទឹងកុយប៉ៃលិន (ចំណុចទួលទិល) ព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ។
៦- ទីតាំងដែលមានសក្តានុពលសាងសង់អាងទឹកអូរដំបង ស្ថិតនៅព្រំប្រទល់ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ៕