គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាន ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ អមដំណើរដោយឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគិរី ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។
កិច្ចពិភាក្សាការងារនាពេលនេះគឺក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា វឌ្ឍនភាពការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសចង់ស្វែងយល់ពីយន្តការក្នុងប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មន្ត្រីរាជការ និវត្តន៍ជន និងកម្មករ កម្មការនី និងប័ណ្ណមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងកំឡុងពេលមានរីករាលដាលនៃជំងឺកូវីដ-១៩។
គណៈប្រតិភូគណ:កម្មការទី៨របស់រដ្ឋសភា បានទទួលស្វាគមន៍ដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ។
គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាន ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគិរី
