ពិធីសំណេះសំណាលជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ នៃស្រុកកងមាស


កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសំណេះដំណាលជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ នៃស្រុកកងមាស ដើម្បីថ្លែងអំណរគុណដល់គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញការងារដែលក្រសួងបានប្រគល់ជូនកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-19។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងឱកាសនេះដែរឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថាក្នុងអំឡុងពេលបិទសាលា ក្រសួងបានខិតខំបន្តការបង្រៀនតាមប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាមធ្យោបាយផ្សេងៗជាច្រើនទៀត ដោយមិនបានផ្អាកដំណើរការនៃការសិក្សាឡើយ។

ក្នុងពិធីសំណេះសំណាលនេះឯកឧត្ដមក៏បានលើកឡើងពីគោលការណ៍នៃការបើកសាលាផងដែរថា យើងមិនអាចធ្វើទាំងប្រថុយប្រថាននោះទេគឺយើងត្រូវគិតលើសុវត្ថិភាព សុខភាព អនាម័យជាចម្បងហើយការបើកសាលានេះគឺត្រូវធ្វើឡើង ៣ដំណាក់កាល។ ដំណាក់កាលទី១គឺធ្វើឡើងចំពោះសាលាឯកជនដែលមានស្តង់ដារខ្ពស់ ប្រសិនបើទទួលបានលទ្ធផលល្អ នឹងបន្តទៅដំណាក់កាលទី២ និងទី៣ដោយយកគំរូតាមដំណាក់កាលទី១ និងស្របទៅតាមស្តង់ដារនៃគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។

ក្រោយពិធីសំណេះសំណាលចប់ ឯកឧត្ដមក៏បានចែកជូននូវសម្ភារ:មួយចំនួនជូនដល់គ្រឹះស្ថានសិក្សាចំនួន៥៥ និងការិយាល័យស្រុកផងដែរ ដែល១គ្រឹះស្ថានទទួលបាននូវផ្ទាំងផ្សព្វផ្សាយកូវីដ-១៩ ចំនួន១៧សន្លឹក ម៉ាស០២ប្រអប់ អាល់កុល០៥លីត្រ ជេលសម្លាប់មេរោគ១០ដប សាប៊ូដុសខ្លួន ២៨ដុំ៕

០១ សីហា ២០២០ | ស្រុកកងមាស ខេត្តកំពង់ចាម