អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនពលរដ្ឋជាង៣០០គ្រួសារ នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ


(កំពង់ចាម)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងពិធីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅបរិវេណវត្តជន្លាត់ដៃ ក៏មានការចូលរួមពី ឧកញ៉ា អែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន K E P GROUP និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto ផងដែរ។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច បានចង់ចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែងជិត៧,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ឆ្ពោះទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។

លើសពីនេះ ឧកញ៉ា អែល សារ៉ុម និងលោក ប៊ុន វុត្ថា បានជំរាបជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា ផ្លូវបេតុងនេះ នឹងស្ថាបនារួចរាល់នាពេលខាងមុខនេះ ថែមទាំងភ្លើងនៅតាមអមសងខាងផ្លូវ ដោយបំពាក់ប្រព័ន្ធស៊ុលឡា ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអាចឲ្យលោកតា លោកយាយ ព្រះសង្ឃងាយស្រួល ក្នុងការធ្វើដំណើរផង រួមទាំងធ្វើឲ្យដី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ។

លោកឧកញ៉ា ឡូវ ហ៊ឹង បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពី សេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

បច្ចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើន ប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

ឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ឋ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព» ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែង ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូប ហើយមានសន្តិភាពទើបមានអ្វីៗ គ្រប់យ៉ាងមកទល់សព្វថ្ងៃ។

សូមជម្រាបថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋជាង៣០០គ្រួសារ ក្នុងមួយគ្រួសាទទួលបានថវិកា ១ម៉ឺនរៀល, ថ្នាំពេទ្យ៣កញ្ចប់, ឧបត្ថម្ភការសាងសង់រោងទូកង ១,០០០ដុល្លា, ឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់ ៨៦៥,០០០រៀល, ឧបត្ថម្ភអ្នកឈឺ០២នាក់ ២០ម៉ឺនរៀល, ឧបត្ថម្ភកងវិស្វកម្ម១លានរៀល, ឧបត្ថម្ភវត្តទងត្រឡាច ជាស៉ីម៉ង់ក្នុងការចាក់សាប ២លាន៦២ម៉ឺនរៀល៕