លោកជំទាវ ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋឲ្យត្រៀមខ្លួនទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្កាសាមគ្គី នៅវត្តធម្មត្រ័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យយកទៅកសាងផ្លូវបេតុង និងចាក់សាប ទីធ្លាក្នុងបរិវេណវត្ត ជ័យមង្គលារាម ហៅវត្តត្រពាំងស្នា ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្នា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នានៅរសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧ ។

ឆ្លៀងក្នុងឱកាសនោះលោកជំទាវក៏មានប្រសាសន៍បញ្ជាក់ថា ៖ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនផងដែរ ។ ការរីកចម្រើនទាំងនេះដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ សុខសន្តិភាពទាំងនេះជាតម្លៃដែលបានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅទៅរៀនសូត្រចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធា ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយមានការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិក៏មានការរីចំរើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។

លោកជំទាវក៏សំណូំពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ត និងបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវត្រៀមខ្លួនទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៧ នាពេលខាងមុខនេះឲ្យបានគ្រប់គ្នាផងដែរ៕