ឯកឧត្តម ប៉ានសូរស័ក្តិ អញ្ជើញប្រកាសផ្លាស់ប្តូរប្រធានមន្ទីរថ្មី ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងការពង្រឹងអភិបាលកិច្ចល្អ


(កោះកុង)៖ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី ដោយលោក អ៊ុក សារិទ្ធិ ត្រូវចូលនិវត្តន៍ ជំនួយដោយលោក សាលីម ហ្វារីត ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបគោលនយោបាយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានការចូលរួមពី ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) ជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងក្នុងឱកាសនោះថា ព្រឹត្តិការណ៍តែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មីនេះ គឺជាភស្តុតាងមួយដែលបញ្ជាក់ ពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ហើយវាគឺជាអ្វីដែលក្រសួងពាណិជ្ជកម្មតែងតែធ្លាប់បានធ្វើកន្លងមក ប្រធានមន្ទីរដែលចូលនិវត្តន៍ត្រូវបានជំនួសដោយអនុប្រធានមន្ទីរដែលមានគុណសម្បត្តិសមស្រប និងបម្រើការនៅទីនោះស្រាប់ ដើម្បីផ្តល់ឱកាសក៏ដូចជាការជំរុញលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោមៗឱ្យខិតខំបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត។ ទន្ទឹមគ្នានេះ ក្រសួងក៏កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើ និងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណជន ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។
ទទ្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ថ្មីៗនេះកម្ពុជាទើបទទួលបានជោគជ័យក្នុងការ «បញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA» និងរង់ចាំពេលវេលាចុះហត្ថលេខាតែប៉ុណ្ណោះហើយកិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ឱ្យទទួលបានផលចំណេញពីការអនុគ្រោះពន្ធក្នុងការនាំទំនិញចេញទៅប្រទេសចិន មានន័យថានៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូលដោយស្វ័យប្រវត្តិ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជាក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) ដែលមានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ីផងដែរ។ ហើយក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះ រួចរាល់អស់ហើយដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៏គន្លឹះមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និង មន្ត្រីសាខា(ក.ប.ប.) ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អនុសាសន៍គន្លឹះនោះ រួមមាន៖
ទី១-ស្នើឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស។
ទី២-ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល កំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។
ទី៣-បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៤-ស្នើឱ្យគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសយើងឆ្លងផុតពីរលកជំងឺនេះ ជាលើកទី២ ទៀត៕