ឆ្លើយតបនឹងអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើង ក្នុងពិធីជួបសំណេះ សំណាល ជាមួយកសិករ វារីវប្បករ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៌ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៏ ខេត្តព្រៃវែង ដោយណែនាំឲ្យឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំកិច្ចប្រជុំជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជនផងដែរ ដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេសយើងក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧ្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំតុមូលស្តីពីផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនផលិតចំណីសត្វ ចំនួន២១ ក្រុមហ៊ុនរោងចក្រ និងសិប្បកម្ម នាឱកាសនោះផងដែរ ។
តាមប្រសាសន៌របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ថា៖នៅឆ្នាំ២០១៩ ផលិតកម្មសត្វផលិតបានចំនួន ៤៥,៨៥ លានក្បាល គឺកើនលើសឆ្នាំមុនចំនួន៣,៣% ដែលធ្វឲ្យកម្ពុជាមានសមត្ថភាពផលិតសាច់សម្រាប់បម្រើតម្រូវការក្នុងស្រុក បានប្រមាណ២៣៩ ពាន់តោន ឬស្មើនឹង៨២% នៃតម្រូវការសាច់សរុបប្រមាណ២៩០ ពាន់តោនក្នុងមួយឆ្នាំ ។ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មមានការកើនឡើង ៣៧% ធៀបនឹងឆ្នាំមុន គឺដោយសារអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបថពីការចិញ្ចឹមតាមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដែលធ្វើឲ្យមានកំណើនប្រាក់ចំណូលខ្ពស់ ។ ដោយឡែកផ្អែកតាមរបាយការណ៌អង្គារស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបង្ហាញថា៖ការបរិភោគសាច់សត្វនៅកម្ពុជា សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ គិតជាមធ្យមប្រមាណ ១៧,៦០ គីឡូក្រាម ។ រីឯការបរិភាគសាច់ត្រី គឺប្រមាណ ៥២,៤ គ.ក្រ ក្នុងមួយឆ្នាំ សម្រាប់មនុស្សម្នាក់ ។ តាមការវាយតម្លៃអំពីតម្រូវការប្រើប្រាស់ ការផ្គត់ផ្គង់ និងការបំពេញបន្ថែមឆ្នាំ២០១៩ បានបង្ហាញថា តម្រូវការប្រើប្រាស់ប្រមាណជាង២៩០ ពាន់តោន ហើយលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកចំនួនជាង២៣៩តោន កង្វះខាតចំនួន៥១ ពាន់តោន ដែលយើងត្រូវធ្វើការនាំចូលពីក្រៅប្រទេស ដើម្បីបំពេញបន្ថែម ។ ទោះយ៉ាងណា កម្ពុជា មានលទ្ធភាពធ្វើការនាំចេញ គោ ក្របី ជ្រូក មាន់ ស្វាក្តាម សាច់ ផលិតផលសត្វ ចំណីសត្វ និងទឹកដោះគោមួយចំនួនទៅក្រៅផងដែរ ។ បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុនផលិតចំណីសត្វសរុប១៩ ក្រុមហ៊ុន និងមានរោងចក្រផលិតចំណីសត្វ ២១ កន្លែង ។ ក្នុងនោះរោងចក្រផលិតចំណីជ្រូក បក្សី គោ និងត្រីមានចំនួន ១៧ កន្លែង និងរោងចក្រផលិតចំណីឆ្កែចំនួន០៤ កន្លែង ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៌វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំតុមូលនាថ្ងៃនេះ ផ្អែកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ស្ដីពីការជំរុញឱ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែម ក្នុងគោលបំណង ៖-លើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុក-ធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព-ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម-ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ-រោងចក្រផលិតចំណីសត្វ-ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់-និងដោះស្រាយរាល់បញ្ហាប្រឈមនានាជាបន្ទាន់ ជូនឧស្សាហកម្មផលិតចំណីសត្វ នៅកម្ពុជា ។
បន្ទាប់ពីអង្គប្រជុំ បានផ្តល់ឱកាស ឲ្យតំណាងក្រុមហ៊ុនផលិតចំណីសត្វនីមួយៗលើកឡើងពីភាពប្រឈម និងកង្វល់នានារបស់ខ្លួនរួចមក ឯកឧត្តមគណៈអធិបតី រួមមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអញ្ជើញផ្តល់មតិបកស្រាយ ពន្យល់នូវរាល់បញ្ហាដែលបានលើកឡើងពីបណ្តាក្រុមហ៊ុនផលិតចំណីសត្វទាំងអស់ សម្រាប់ជាដំណោះស្រាយជាក់ស្តែង និងក៏សម្រាប់ធ្វើជារបាយការណ៌ជូនទៅប្រមុខរាជរដ្ឋាភិបាលបានពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់ ។ បញ្ហាដែលបានលើកឡើងទាំងនោះ មាន ដូចជា៖តម្លៃអគ្គិសនីខ្ពស់-ផ្នែកពន្ធដា-ពន្ធគយ-ថ្លៃដឹកជញ្ជូន-ការចំណាយក្រៅផ្លូវការ-និងបែបបទនីតិវិធីស្មុគស្មាញជាដើម ។
ជាសរុបផងដែរ ឯកឧត្តមកិត្តិាសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ញាក់ថា៖កង្វល់ដែលបានលើកឡើងខាងលើនេះ ជាបញ្ហា ដែលរាជរដ្ឋាភិបាលដឹងច្បាស់ ហើយបានដោះស្រាយ និងដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ទើបធ្វើឲ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពទាក់ឡើង ។ ថ្ងៃនេះ យើងចាត់ទុកជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលយើងនឹងធ្វើរបាយករណ៌បឋមជូនប្រមុខរាជរដ្ឋាភិបាលបានពិនិត្យនិងជូនជ្រាបដ៏ខ្ពង់ខ្ពស់ ។ ប៉ុន្តែជារួម យើងពិនិត្យឃើញថា៖យើងមានឱកាស និងលទ្ធភាព ក្នុងការស្តារស្ថានការប្រឈមនេះ ដែលកត្តាសំខាន់គឺត្រូវកំណត់បញ្ហាឲ្យចំ ពិសេសត្រូវមានទំនាក់ទំនងគ្នារវាងអ្នកផលិត និងអ្នកផ្គត់ផ្គង់ រួមជាមួយនិងកត្តាគាំពារមួយចំនួនពីរាជរដ្ឋាភិបាលផងដែរ ។ នៅពេលខាងមុខ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ស្នើឲ្យក្រុមហ៊ុនផលិតចំណីសត្វទាំងអស់ត្រៀម ឯកសារ និងទិន្ន័យផ្សេងៗទាក់ទង បញ្ហា កង្វល់របស់ខ្លួន ដើម្បីផ្តល់លទ្ធភាពឲ្យមន្ត្រីជំនាញអន្តរក្រសួងចុះពិនិត្យមើលជាក់ស្តែងដល់ទីតាំង និងប្រភពបញ្ហា ដើម្បីទទួលបានរបាយករណ៌កាន់តែច្បាស់លាស់បន្ថែមទៀត ។
កិច្ចប្រជុំតុមូលស្តីពីផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន នៅទីស្តីការក្រសួងឧ្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
