ក្រសួងពាណិជ្ជកម្មបើកព្រឹត្តិការណ៍ទិវាដំឡូងមីលើកទី១


ទិវាដំឡូងមីលើកដំបូងនៅកម្ពុជា ត្រូវបានរៀបចំឡើង កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត និងអាជ្ញាធរជុំវិញខេត្តបាត់ដំបង, មន្ត្រីរាជការ, ពាណិជ្ជករ និងកសិករប្រមាណ ៨០០នាក់។
ទិវានេះបាននាំមកនូវការដាក់តាំងបង្ហាញផលិតផលដំឡូងមី និងការប្រឡងប្រណាំងស្នាដៃឆ្នើមឆ្នាំ២០១៧ ដែលមានការចូលរួមពីតំណាងវិស័យឯកជន, អង្គការក្រៅរដ្ឋាភិបាល និងប្រជាកសិករមកពីតំបន់នានាក្នុងខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យដំឡូងមីដែលជាដំណាំអទិភាពទី២ បន្ទាប់ពីវិស័យស្រូវអង្ករជាតិ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំទិវានេះឡើង ក្នុងគោលបំណងលើកកម្ពស់ផលិតផលដំឡូងមីកម្ពុជា និងជំរុញការនាំចេញ។
“វេទិកានេះ នឹងបង្កើតឱកាសទីផ្សារ តាមរយៈការតភ្ជាប់បណ្តាញទំនាក់ទំនងកសិករ ជាមួយអ្នកកែច្នៃ និងអ្នកនាំចេញពីតំបន់មួយទៅតំបន់មួយ ឱ្យមានភាពរឹងមាំនិងប្រទាក់ក្រឡា ព្រមទាំងផ្តល់ឱកាសដល់ភាគីទាំងអស់ កំណត់ពីបញ្ហាប្រឈម ផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងទៅវិញទៅមក” ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។
ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមីបានកើនចាប់ពី ៤០០ពាន់ហិចតា ដល់ ៥៧៤ពាន់ហិចតា ក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុប ១៣លានតោន។ ប្រទេសវៀតណាម និងប្រទេសថៃ ជាទីផ្សារដ៏ធំសម្រាប់ផលិតផលដំឡូងមីកម្ពុជា (មើមដំឡូងស្រស់ ចំណិតដំឡូងក្រៀម និងម្សៅដំឡូងមី)។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការបំពេញលក្ខខណ្ឌនានា ដើម្បីជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិនដែលជាទីផ្សារធំជាងគេក្នុងពិភពលោក ដោយសារ ប្រទេសទាំងពីរបានចុះហត្ថលេខារួចរាល់ លើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ៕