ឯកឧត្តមបណ្ឌិត អុិត​ សំហេង បានជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ និងសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី៣


នាព្រឹកថ្ងៃទី០៩ ខែសីហា​ ឆ្នាំ២០២០ នេះ ឯកឧត្តមបណ្ឌិត អុិត​ សំហេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង បានជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ និងសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី៣ ដើម្បីពិនិត្យលើការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រង​ និងបង្ការជំងឺកូវីដ19 នៅក្នុងដែនរដ្ឋបាលសង្កាត់បឹងកេងកងទី៣។
ក្រោយស្ដាប់នូវរបាយការណ៍របស់លោក​ ព្រំ​ សុខឿន ដែលជាចៅសង្កាត់ និងមតិនានារបស់ ក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី៣ ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំដែងនូវការកោតសរសើរ និងអរគុណដល់ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីទាំងអស់ រួមទាំងមន្ត្រីនគរបាលនៅក្នុងសង្កាត់បឹងកេងកងទី៣ ដែលកន្លងទៅនេះបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបានចុះណែនាំប្រជាពលរដ្ឋឲ្យគោរពនូវវិធានការណ៍នានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងបង្ការជំងឺ កូវីដ19 បានយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិត​ អុិត សំហេង ក៏បានផ្ដាំផ្ញើរដល់លោកចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី៣​ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តចុះណែនាំប្រជាពលរដ្ឋឲ្យរក្សានូវវិធានអនាម័យ និងគម្លាតសង្គម ដែលក្រសួងសុខាភិបាលបានកំណត់ ដើម្បីធានានូវសុវត្ថិភាពនិងសុខភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះសង្កាត់ត្រូវបន្តក្តាប់សំណូមពរ និងដោះស្រាយសំណូមពរនានាជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ និងត្រូវរាយការណ៍ជូនទៅខណ្ឌដើម្បីជ្រាប និងដោះស្រាយប្រសិនជាចាំបាច់។