សង្គ្រោះជាតិបដិសេធបាតុកម្មប្រឆាំង សម្តេចតេជោសែន


     គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រញាប់​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​បញ្ជាក់​តប​វិញ ក្រោយ​ប្រសាសន៍​ព្រមាន​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ទាក់​ទង​នឹង​សេរីភាព​ធ្វើ​បាតុកម្ម​តប​ត​ទៅ​វិញ​ ។ សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋ ​កាលីហ្វ័រញ៉ាភាគ​ខាង​ត្បូង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ដំណើរ​ទស្សន​កិច្ច​របស់​ សម្តេច​តេជោ​សែន ទៅ​សហរដ្ឋ​អាម៉េរិក​ នា​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ នឹង​មិន​មាន​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ ដោយ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទី​នោះ​ឡើយ​ ។

     សូម​ជំរាប​ថា​ សម្តេច​តេជោ​សែន គ្រោង​នឹង​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ ។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាម៉េរិក ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ចូល​រួម​ដោយ​មេ​ដឹកនាំ​ប្រទេស​ទាំង​១០​ នៅ​អាស៊ាន ​ជាមួយ​នឹង​វត្តមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​បារ៉ាក់ ​អូបាម៉ា នឹង​គ្រោង​ធ្វើ​រវាង​ពី​ថ្ងៃទី​១៥ ​ដល់​ទី ​១៦​ ខែ​កុម្ភៈ​ នៅ​ក្រុង​ជាប់​មាត់​ទឹក Rancho Mirage នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ។ ប៉ុន្តែ​ដំណើរ​អញ្ជើញ​ចូល​រួម​របស់​ សម្តេច​តេជោ​សែន ​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ទទួល​ការ​គំរាម​ពី​អ្នក​រៀប ចំ​របស់​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ឈ្មោះ Brady Young ដែល​និយាយ​ថា ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរទស្សន​កិច្ច​របស់​សម្តេច​ នៅ​​ពាក់​កណ្តាល​ខែ​កុម្ភៈ ​នោះ​ ។

     សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​បង្ហាញ​វិញ​ថា បើ​ពួក​គេ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​… ពួក​គេ​ក៏​ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​បាតុកម្ម​របស់​អ្នក​គាំទ្រ​សម្តេច ក្នុង​ការ​ប្រឆាំង​នឹង​មេ​ដឹកនាំ​របស់​ពួក​គេ​ នៅ​ក្នុង​ប្រទេស​វិញ​ផង​ដែរ ​។ ប្រសាសន៍​តប​របស់​សម្តេច​នោះ​ហើយ បាន​ធ្វើឱ្យ​​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រញាប់​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ការ​មិន​ជាប់​ពាក់​ព័ន្ធ​ ។ សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​ភាគ​ខាង​ត្បូង ក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​២៥ ខែ​​មករា បាន​ថ្លែង​ថា​ ពួក​គេ​មិន​មាន​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​តេជោ​សែន​ នៅ​ទី​នោះ​ទេ​ ។

     ​បុគ្គល​ឈ្មោះ Brady Young ដែល​និយាយ​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សន​កិច្ច របស់​សម្តេច​តេជោ ត្រូវ​គេ​ស្គាល់​ថា​ គឺ​ជា​សកម្មជន​រៀប​ចំ​ម្នាក់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័ញ៉ា ភាគ​ខាង​ត្បូង​។ ដំណើរ​របស់​សម្តេច​ទៅ​សហរដ្ឋ​អាម៉េរិក ត្រូវ​គេ​ឃើញ​តែង​រង​ការ​ធ្វើ​បាតុកម្ម​ពី​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​រៀង​រាល់​ដង ប៉ុន្តែ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ មិន​ដែល​ហ៊ាន​ទទួល​ស្គាល់​នូវ​ផែន​ការណ៍​ដែល​ពួក​គេ​បាន​ធ្វើ​នោះ​ទេ​… ដូច​ជា​បាតុកម្ម​ដែល​ធ្វើ​នៅ​ញូវយ៉ក​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៥ ​កន្លង​មក​នេះ គ្រា​ដែល​សម្តេច​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​ ជា​ដើម ​។

សម្តេច​តេជោ​សែន បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ បាន​បដិសេធ​ មិន​ពាក់​ពន្ធ័​ជាមួយ​បាតុកម្ម​នៅ​ញូវយ៉ក​នោះ​ទេ ប៉ុន្តែ​របាយ​ការណ៏​ហិរញ្ញវត្ថុ​នៃ​បក្ស​ប្រឆាំង នៅ​រដ្ឋ​មួយ​បាន​បញ្ជាក់​ថា បាន​ចំណាយ​ធ្វើ​បាតុកម្ម​ថ្ងៃ​២៦ ខែ​កញ្ញា ២០១៥ នៅ​ញូវយ៉ក​នោះ​ ។