រដ្ឋមន្ត្រីការបរទេសអាម៉េរិក បញ្ចប់ទស្សនកិច្ច ២ថ្ងៃ នៅកម្ពុជា


John Kerry 27 01 16 2 copy

     រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​២​ថ្ងៃ​នៅ​កម្ពុជា​ក្រោយ​ការ​ជួប​ជជែក​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​សម​ភាគី​កម្ពុជា ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​ផង​ដែរ ​។ នៅ​មុន​ការ​ចាក​ចេញ លោក​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​មាន​រយៈ​ពេល​១៣​នាទី​ដោយ​បញ្ជាក់​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច ។

     លោក John Kerry បាន​ថ្លែង​ថា​សហរដ្ឋ​អាម៉េរិក​នៅ​តែ​បន្ត​ទំនាក់​ទំនង​ និង​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​លើ វិស័យ​ដែល​សហរដ្ឋ​អាម៉េរិក​ធ្លាប់​បាន​ធ្វើ​កន្លង​មក រួម​មាន​វិស័យ​អប់រំ​…វិស័យ​សុខា​ភិបាល​…វិស័យ​អភិរក្ស​វប្បធម៌ ជា​ដើម​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​គឺ​មាន​ការ​ជជែក​ឥត​លាក់​លៀម​រវាង ជំហរ​របស់​សហរដ្ឋ​អាមេរិក​និង​ជំហរ​របស់​កម្ពុជា​លើ​អនាគត​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ រួម​ទាំង​ដំណើរ​ការ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ​។ ក្រៅ​ពី​ជួប​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា លោក​នៅ​បាន​ជួប​ជាមួយ​នឹង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​កឹម សុខា​…និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។

     ​ដំណើរ​របស់​លោក John Kerry ទាំង​នៅ​កម្ពុជា​ និង​នៅ​ក្នុង​ប្រទេស​ឡាវ​កន្លង​មក​នេះ គឺ​ដើម្បី​ការ​ត្រួស​ត្រាយ​ផ្លូវ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាម៉េរិក​ នា​ពាក់​កណ្តាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ​នៅ​ក្រុង Sunnylands នៃ​រដ្ឋ​កាលីហ្វញ៉ា​។ លោក John Kerry បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​នេះ​ថា ក្នុង ឱកាស​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​កម្ពុជា លោក​បាន​លើក​អំពី​របៀបវារៈ​ខ្លះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក អាស៊ាន និង​មាន​ការ​ជជែក​អំពី​អនាគត​គម្រោង​វិនិយោគ​សេដ្ឋកិច្ច​របស់​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខែ​កុម្ភៈ​ក្រោយ​នោះ ​។ លោក​បាន​លើក​មក​ជជែក​​អំពី​សិទ្ធិ​ធ្វើ​កិច្ច​ការ​នយោបាយ ​របស់​អ្នក​តំណាង​រាស្ត្រ ​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​គោរព​ច្បាប់ និង​មិន​ត្រូវ​រង​ការ​គំរាម និង​ការ​ចាប់​ចង​ណា​មួយ​នោះ​ឡើយ ជា​ពិសេស​ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​នឹង​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​អសកល​ឆ្នាំ​ ២០១៧ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​ ២០១៨ ​ជា​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត​នេះ​ ។

     លោក John Kerry បាន​ថ្លែង​រំលឹក​ផង​ដែរ​នូវ​អតីត​កាល​សោក​សៅ​របស់​កម្ពុជា ​ដែល​ជួប​ប្រទះ​សង្គ្រាម​នឹង​សោក​នាដ​កម្ម ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ២​លាន​នាក់ ហើយ​​លោក​បាន​ថ្លែង​កត់​សម្គាល់​ ការ​ដែល​កម្ពុជា​បាន​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​​ប្រទេស​រីក​ចំរើន​… ការ​ទទួល​ស្គាល់​របស់​អន្តរ​ជាតិ​នូវ​តួនាទី​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​រក​សន្តិភាព​ជូន​ពិភព​លោក និង​លោក​ស្ញប់​ស្ញែង​ការ​អភិវឌ្ឍន៍​បច្ចុប្បន្ន​របស់​កម្ពុជា​ ​។ លោក​បាន​រំលឹក​អំពី​កិច្ច​ប្រឹង​ប្រែង​របស់​លោក​ជាមួយ​នឹង​ សម្តេច​តេជោ​សែន​ នា​អតីត​កាល​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ​ដែល​មាន​មក​ទល់​នឹង​បច្ចុប្បន្ន​។ លោក​បាន​រំលឹក​នូវ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នា​អតីត​កាល​មួយ​នៅ​ឆ្នាំ​ ១៩៩៩​ នៅ​កម្ពុជា​ ដែល​ពេល​នោះ​លោក​បញ្ជាក់​ថា​ភ្នំពេញ​ទើប​បាន​ងើប​រួច​ពី​សង្គ្រាម​ស៊ីវិល​។ លោក​បាន​និយាយ​​ប្រជាជន​នា​ពេល​នោះ ​មាន​ចំនួន​តិច​ក្នុង​ក្រុង​​ភ្នំពេញ​ ដោយ​សារ​តែ​កម្ពុជា​ឆ្លង​កាត់​សង្គ្រាម ហើយ​ក៏​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ដូច​ពេល​នេះ​ដែរ ​។ លោក John Kerry បាន​កោត​សរសើរ​ភាព​រីក​ចម្រើន​​នា​ពេល​បច្ចុប្បន្ន​ ​ដែល​មាន​អគារ​ខ្ពស់ៗ​ជា​ច្រើន​… និង​ទី​ក្រុង​មាន​ប្រជាជន​ច្រើន​រហូត​ដល់​ ២លាន​ ២សែន​នាក់ ជាមួយ​នឹង​សំណង់​អភិវឌ្ឍន៍​ជា​ច្រើ់ន​ទៀត​ខុស​ប្លែក​ពី​ឆ្នាំ​ ១៩៩៩ ​ដែល​លោក​បាន​មក​ដល់​លើក​ដំបូង​ ។

     ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ លោក John Kerry នៅ​បាន​ជជែក​លើ​ការងារ​អន្តរ​ជាតិ​របស់​តំបន់​ និង​ពិភព​លោក​ថែម​ទៀត​ ។ លោក John Kerry បាន​ចាក​ចេញ​ពី​កម្ពុជា ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​ នៅ ថ្ងៃ​ដដែល​នេះ​ ។ នៅ​ថ្ងៃទី​២៧​ ខែ​មករា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ គ្រោង​នឹង​ជួប​ជាមួយ​មេ​ដឹក​នាំ​ប្រទេស​ចិន ដើម្បី​ការ​ពិភាក្សា​បញ្ហា​តំបន់​ និង​បញ្ហា​ទ្វេភាគី​ដែល​រួម​មាន​ទាំង​បញ្ហា​អាវុធ​នុយ​ក្លេ​អ៊ែរ នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ​ ។