ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១៥នាក់ថ្មីទៀត ១៣នាក់ជាជនជាតិចិន ២នាក់ជាជនជាតិខ្មែរ, ព្យាបាលជាសះស្បើយម្នាក់


ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត។ ក្នុងនោះ ១៣នាក់ ជាជនជាតិចិន និង២នាក់ជាជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក។ ទន្ទឹមនឹងនេះ មានអ្នកជំងឺកូវីដ១៩ ម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ជនជាតិចិនដែលឆ្លងជំងឺកូវីដ១៩ ទាំង ១៣នាក់រួមមាន៖
* ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
* បុរសជនជាតិចិនអាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
* បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់រាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
* បុរសជនជាតិចិនអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ

បុរសស្ត្រីជនជាតិចិនទាំង ១៣នាក់ ដែលរកឃើញជំងឺកូវីដ១៩នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ក្រសួងបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង១៣នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ ក្នុងជើងហោះហើរនេះ មានអ្នកដំណើរជាជនជាតិចិនសរុប ១១៩នាក់ (ស្ត្រី ២៣នាក់ និងបុរស ៩៦នាក់)។

អ្នកដំណើរដទៃដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

រីឯជនជាតិខ្មែរពីរនាក់ ដែលរកឃើញមានជំងឺកូវីដ១៩ ដែរនោះរួមមាន៖ កុមារីជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងស្ត្រីជនជាតិជនខ្មែរ អាយុ ៤៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រសួងបានឱ្យដឹងថា កុមារី និងស្ត្រីទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគេទាំងពីរនាក់ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។

ក្នុងជើងហោះហើរនេះ មានអ្នកដំណើរសរុប ៧៥នាក់ (ស្រី ២៦នាក់ បុរស ៤៣នាក់ និងកុមារ ០៦នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ដោយធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ និងនៅមណ្ឌលចត្តាឡីស័កទ័ពអាកាសពោធិ៍ចិនតុង។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៦៦នាក់ (ស្ត្រី ៥២នាក់ និងបុរស ២១៤នាក់។ អ្នកព្យាបាលជាសះស្បើយមានចំនួន ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៦នាក់។ ក្នុងនោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០២នាក់ (ស្ត្រីជនជាតិកាណាដា ០១នាក់ និងស្ត្រី ជាកងទ័ពមួកខៀវ ០១នាក់)។

នៅមណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៣៩នាក់ (ស្ត្រី ០៣នាក់ និងបុរស ៣៦នាក់), នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំនួន ០១នាក់ ជាបុរស, នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ ចំនួន ០៣នាក់ ជាបុរស និងស្ត្រីជនជាតិកាហ្សាក់ស្តង់ ១នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ៕