ពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ណែនាំផ្សេងៗឆ្លើយតបនឹងបរិបទកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ


(ទីស្តីការក្រសួងទេសចរណ៍)៖នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ណែនាំផ្សេងៗឆ្លើយតបនឹងបរិបទកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីសមាសភាពពាក់ព័ន្ធនៅតាមនាយកដ្ឋាន អង្គភាពចំណុះក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ជាច្រើនរូប។

គោលបំណងនៃកម្មវិធី គឺដើម្បីឲ្យមន្ត្រីក្រោមឱវាទក្រសួងមានការយល់ដឹងបន្ថែមលើបច្ចុប្បន្នភាពការងារ និងយកទៅអនុវត្តឱ្យបានត្រឹមត្រូវប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព ឆ្លើយតបនឹងបរិបទកូវីដ-១៩ ជាពិសេសបានស្វែងយល់សុីជម្រៅពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះស្ត្រីនៅគ្រប់វិស័យទាំងអស់តាមរយ:អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចដែលបានដាក់ចេញជារៀងរាល់ឆ្នាំសម្រាប់ក្រសួង-ស្ថាប័នយកទៅអនុវត្ត និងត្រួតពិនិត្យបន្ថែម ។

អមជាមួយពិធីផ្សព្វផ្សាយនេះ ក្រសួងក៏បានធ្វើការរៀបចំនូវវគ្គបណ្តុះបណ្តាលខ្លីលើប្រធានបទ “ការពង្រឹងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” ផងដែរដែលផ្តោតលើទិដ្ឋភាពបួនសំខាន់ៗគឺ៖ ការគោរពឲ្យតម្លៃ គ្មានការរើសអើង គ្មានអំពើហិង្សា និងការជំរុញសង្គមមួយដែលទទួលស្គាល់តម្លៃជាសេចក្តីថ្លៃថ្នូររបស់ស្ត្រីទាំងនៅក្នុងគ្រួសារ និងក្នុងសង្គមជាតិ ៕