អាជ្ញាធរខេត្តបន្ទាយមានជ័យ ជំរុញបង្កើនការប្រុងប្រយ័ត្ន បង្ការទប់ស្កាត់ការនាំ ចូលជំងឺកូវីដ១៩ តាមច្រកព្រំដែនទៅក្នុងសហគមន៍


អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី​ បាន​បន្តធ្វើការក្រើនរម្លឹកទៅដល់ អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធទាំងអស់ឱ្យរួមគ្នាយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានម៉ឺង ម៉ាត់បំផុត និងប្រសិទ្ធភាពពិសេសវិធានការនានារបស់រាជរដ្ឋាភិបាលក៏ដូចក្រសួង សុខាភិបាល ស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីបង្ការការនាំចូលជំងឺកូវីដ១៩ តាមច្រក ព្រំដែនមកក្នុងព្រះរាជាណាចក្រកម្ពុជាចូលទៅក្នុងសហគមន៍​នោះ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ រដ្ឋបាលខេត្ត ផ្សព្វផ្សាយសេចក្តីណែនាំនានា និងពិភាក្សាដោះស្រាយការងារចាំបាច់មួយចំនួន នៅមូលដ្ឋាន វិស័យនានា​ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី បាន​ជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្ត ជាពិសេសមន្ត្រី និងកងកម្លាំងនៃអង្គភាព និងស្ថាប័ននានាដែលកំពុងបំពេញភារកិច្ចនៅតាម បណ្ដាច្រកទ្វារព្រំដែន​​ឱ្យបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការទប់ស្កាត់ និងគ្រប់គ្រង ការឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ របស់ពលករកម្ពុជាយើង ក្នុងពេលដែលស្ថាន ភាពនៅតាមព្រំដែនដែលនៅតែត្រូវបានរឹតបន្តឹងបិទច្រក ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ទន្ទឹមនោះដែរឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តអប់រំណែនាំដល់ប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃនឹងបន្តតាមដានសុខភាពខ្លួនឯង។

ប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួន ឬក្អកផ្តាសាយសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស កូវីដ១៩នេះ ត្រូវប្រញាប់ទាក់ទងទៅ អាជ្ញាធរមូលដ្ឋានផ្ទាល់ឬសូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានកោតសរសើ និងវាយតម្លៃចំពោះកិច្ច​ខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច​ ដែលបានបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្ត និងតាមបន្ទាត់ព្រំដែនដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព បានរឹងមាំ​ជំរុញល្បឿន​ការអភិវឌ្ឍប្រទេសជាតិកាន់តែមានការរីកចម្រើននោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តក៍បានជំរុញដល់មន្ទីរ វិស័យនានា និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចការងាររបស់ខ្លួន ដើម្បីបង្កើន​ការផ្តល់សេវានានាជូន ដល់ប្រជាពលរដ្ឋ ខិតខំដោះស្រាយបញ្ហាប្រឈម សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានលឿន។

សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយ មានជ័យនេះក៏បានធ្វើការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្តីជូនដំណឹងមួយ ចំនួនរួមមាន៖ -ផ្សព្វផ្សាយអនុក្រឹត្យលេខ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាឱ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារនៅថ្ងៃទី១៧ ១៨ ១៩ ២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ។       -លិខិតលេខ៧៣៣ សជណ.អវ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដំណើរការឡើងវិញនូវសកម្មភាព ហាត់ប្រាណនិងលេងកីឡាតាមទីសាធារណៈនៅតាមរាជធានីខេត្ត និងក្នុងបរិវេណ ពហុកីឡាដ្ឋានជាតិអូឡាំពិកលើកលែងតែសកម្មភាពហាត់ប្រាណតាមក្លឹបកីឡា ដែលប្រើ ប្រាស់សម្ភារៈរួម។ -លិខិតលេខ១៦៧ សខល ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលស្តីពីការបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការការនាំចូលជំងឺកូវីដ១៩ តាមច្រកព្រំដែន មកក្នុងព្រះរាជាណា ចក្រកម្ពុជា ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ចូលទៅក្នុងសហគមន៍។ -លិខិត លេខ១៩៦៣ សជណ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃស្តីពីការជំរុញការទប់ស្កាត់ការ កាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៅតាមខេត្តនានា៕